សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ចុះយុទ្ធនាការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹង ពីគ្រោះថ្នាក់នៃគ្រឿងញៀន


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងអាជ្ញាធរខណ្ឌមានជ័យ បានចុះយុទ្ធនាការផ្សព្វផ្សាយអប់រំ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សហគមន៍ងាយរងគ្រោះចំនួន ២កន្លែងគឺ ភូមិដំណាក់ធំ និងភូមិព្រែកទាល់ទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ សរុប ៣២០ខ្នងផ្ទះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

វេជ្ជបណ្ឌិត ឈុន សុខា ទទួលបន្ទុកចុះសហគមន៍ក្រីក្រ និងងាយរងគ្រោះ ដោយសារគ្រឿងញៀន នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងថា យុទ្ធនាការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺមានសារៈសំខាន់ណាស់ ហើយក្រុមការងារបានចុះចំគោលដៅ ដើម្បីផ្សព្វផ្សាយអប់រំផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់សហគមន៍ និងបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនចំពោះមនុស្សវ័យក្មេងមិនទាន់ប្រើប្រាស់គ្រឿងញៀន។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៥០នាក់ រួមជាមួយអាជ្ញាធរ បានចុះអប់រំសុខភាពផ្ទាល់ និងបញ្ជ្រាបការយល់ដឹងពីរគ្រឿងញៀនដល់សហគមន៍នារីរងគ្រោះ និងបានចែកឱសថសម្រាប់ជំងឺរាករូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៤៥២កញ្ចប់ សៀវភៅ ១៥០ក្បាល ប៊ិច ២៤០ដើម។

ឯកឧត្តម ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់សហគមន៍ ដែលនេះគឺជាការចូលរួមចំណែកកាត់បន្ថយទប់ស្កាត់ និងបង្ការការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាព តាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹង អំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ៕