អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះកាយសំរាមនៅក្រោមស្ពាន ដើម្បីបញ្ជៀសការជន់លិច ក្នុងក្រុងព្រះសីហនុ


(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះទៅកាយសំរាមនៅក្រោមស្ពានមួយចំនួន ក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដើម្បីបញ្ជៀសការជន់លិច ក្រោយពីមានការធ្លាក់ភ្លៀងមកម្ដងៗ ធ្វើឲ្យមានការជន់លិចនៅក្នុងទីក្រុង។

ការចុះកាយសំរាមនៅក្រោមស្ពាននេះ ដោយសារតែមន្ដ្រីជំនាញ បានពិនិត្យឃើញថា កន្លងមកនៅពេលដែលភ្លៀងម្ដងៗ ក្រុមការងារតែងតែស្តរអូរ កាយប្រឡាយជាបន្ដបន្ទាប់ ប៉ុន្ដែពេលមានភ្លៀងធ្លាក់ មកទៀតក៏ទឹកហាក់នៅជនលិចដោយកន្លែងដដែល ពេលនោះអាជ្ញាធរ និងមន្រ្តីបានរកឃើញថា មូលហេតុមកពីកកស្ទះដោយសារសំរាមនៅក្រោមស្ពានមួយចំនួន។

សម្រាប់ការកាយសំរាមខាងលើនេះ ត្រូវបានរដ្ឋបាលខេត្តបញ្ជាក់ផងដែរថា បានការជួយផ្តល់គ្រឿងចក្រពីរដ្ឋមន្រ្តីក្រសួងធនធានទឹកផងដែរ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្រ្តីសាលាព្រះសីហនុ បានឲ្យដឹងថា កន្លងទៅរដ្ឋបាលខេត្ដ ប្រឹងតែស្តារអូ កាយប្រឡាយជាបន្ដបន្ទាប់ ប៉ុន្ដែនៅក្រោមស្ពានកកស្ទះទៅដោយសំរាម ចឹងទឹកហូរឆ្លងស្ពានវាយឺត ដូច្នេះហើយបានចេះតែនាំឲ្យមានលិចលង់ជាបន្ដបន្ទាប់។

មន្រ្តីបានបញ្ជាក់ថា ក្រោយពីដឹកនាំធ្វើការពិនិត្យ នៅពេលដែលទឹកហូរស្រកអស់ទៅ ទើបបានឃើញយ៉ាងច្បាស់ថា នៅក្រោមនីមួយៗសុទ្ធសឹងតែសំរាម និងដីកកពេញក្រោមស្ពាន។

លោកថា បច្ចុប្បន្នក្រុមការងារ កំពុងធ្វើការកាយចេញសំរាមនៅក្រោមស្ពាន ជាបន្តបន្ទាប់នៅក្នុងក្រុងព្រះសីហនុ៕