នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ដែលមានលោក Louis Low និងលោកស្រី Tiffany Wan ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារលើគម្រោងសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ លោក Louis Low បានបង្ហាញពីការផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា សម្រាប់ការសិក្សានៅសាលាគោលនយោបាយសាធារណៈ នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២០។ លើសពីនេះ លោក Louis Low បានបញ្ជាក់ថា សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៅក្នុងឆ្នាំ២០១៩ និង២០២០ បង្កើតវគ្គសិក្សាខ្លីសម្រាប់មន្រ្តីជាន់ខ្ពស់សិក្សានៅប្រទេសសឹង្ហបុរី និងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស របស់សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ ហើយបានចាត់ទុកថាមន្រ្តីរាជការមិនត្រឹមតែចេះបំពេញការងារតាមជំនាញរួចហើយ ក៏ត្រូវចាំបាច់មានការពិចារណាខ្ពស់ និងការយល់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋថែមទៀត ដើម្បីជួយកសាងសង្គម ឱ្យមានការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីរាជការ ចូលរួមពង្រីកសមត្ថភាព និងចំណេះដឹង មិនត្រឹមតែការងារនៅតាមក្រសួងស្ថាប័ន ឬនៅតាមការិយាល័យនោះទេ ក៏ត្រូវចូលរួមស្វែងយល់បន្ថែមពីបរិបទថ្មីៗ របស់សង្គមខាងក្រៅ ទាំងក្នុងប្រទេស និងនៅលើពិភពលោក។
ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យអប់រំជាន់ខ្ពស់ ដូចជាការអញ្ជើញសាស្រ្តាចារ្យល្បីៗពីសាលាគោលនយោបាយសាធារណៈលីក្វាន់យូ មកធ្វើបាឋកថា សម្រាប់មន្រ្តីរាជការ ក៏ដូចជាសាស្រ្តាចារ្យ និងនិស្សិតនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា សកលវិទ្យាល័យជាតិសឹង្ហបុរី (NUS) និងសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ គឺស្ថិតក្នុងចំណោមសាកលវិទ្យាល័យនិងសាលា ដែលល្អបំផុតនៅអាស៊ី និងមានចំណាត់ថ្នាក់ខ្ពស់ដែរ ធៀបនឹងសាលាគោលនយោបាយសាធារណៈជុំវិញពិភពលោក៕