លោក មហាធា អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅម៉ាឡេស៉ី


លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៉ី បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៉ី តាមពេលវេលាសមស្រប។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន។

ការអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៉ី ពីសំណាក់លោក មហាធា ត្រូវបានបង្ហាញឡើង ក្នុងឱកាសដែលមេដឹកនាំទាំងពីរ បានធ្វើជំនួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឱ្យដឹងទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលនូវការអញ្ជើញ ដោយសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំពោះការអញ្ជើញនេះ។

លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ និងការផ្តល់
បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់លោក ព្រមទាំងប្រតិភូអមក្នុងអំឡុងទស្សនកិច្ច នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី មានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន៕