ទីក្រុងកែប ខេត្តកែប នាព្រឹកចន្ទថ្ងៃទី៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង ក្រុមប្រឆក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម កែន សត្ថា អភិបាល នៃ គណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីកម្មវិធីទីក្រុងឈានមុខអាស៊ានស្របតាម គោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលមានអ្នកចូលរួមចំនួន៨០ នាក់ អញ្ជើញមកពីមន្ទីរជំនាញជុំវិញខេត្ត មន្ទីរបរិស្ថាន និង តំណាងអភិបាលក្រុងព្រះសីហនុ ក្រុងកំពត ក្រុងពោធិសាត់ និងក្រុងដូនកែវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គនាយក ដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសាកលនៃប្រទេសជប៉ុន (IGES) មានរយៈ ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីពិភាក្សា ចែករម្លែកបទពិសោធន៍ និងកំណត់ធាតុ ចូលពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រកាសអនុវត្តផែនការសកម្មភាពកម្មវិធីទីក្រុងឈានមុខអាស៊ានឱ្យមានប្រសិទ្ធិភាព។
ឯកឧត្តម វ៉ាន់ មុនីនាថ គូសបញ្ជាក់ថា ដើម្បីចម្រេចបាននិរន្តរភាព និងគុណភាពរស់នៅស្តង់ដារខ្ពស់របស់ពលរដ្ឋ ទាមទារឱ្យមាន ការរៀបចំប្រព័ន្ធផែនការមេនគរូបនីកម្ម យន្តការគ្រប់គ្រងរដ្ឋ ដែលផ្តល់ជំនឿទុកចិត្តក្នុងសេវាសាធារណៈដល់ប្រជាជន ការប្រឡង ប្រជែងផ្នែកសេដ្ឋកិច្ច ដែលទាមទារឱ្យមានប្រព័ន្ធអប់រំល្អជាមូលដ្ឋានគ្រឹះសម្រាប់បណ្តុះបណ្តាលជំនាញវិវត្តន៍តាមតម្រូវការទីផ្សារ ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថាន និងការប្រើប្រាស់ប្រព័ន្ធសុខាភិបាលទំនើប។ ឆ្លៀតក្នុងឪកាសនេះដែរ គណៈអធិបតី និងសិក្ខាកាមទាំងអស់បានចូលរួមដាំឈើប្រណិតមានឈើបេង និងនាងនួនចំនួន៥០ ដើមនៅក្នុងបរិវេណសាលាខេត្តកែបទុកជាអនុស្សាវរិយ៍។