ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្អូនៗសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន ចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្អូនៗសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន ចំនួន ២៩នាក់ ចូលជួបសម្តែងការគួរសមមុនចេញដំណើរទៅបំពេញទស្សនកិច្ចក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP សម្រាប់រយ:ពេល ៥២ថ្ងៃ នៅប្រទេសកម្ពុជា វៀតណាម សឹង្ហបូរី ហ្វីលីពីន និងចុងក្រោយគឺប្រទេសជប៉ុន។

លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានជម្រាបជូនអង្គពិធីជ្រាបថា សមាគមនេះបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដោយឡែកកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០០៤ រហូតមកទល់បច្ចុប្បន្នកម្ពុជាមានសមាជិកសរុប ៥៩៤នាក់។ ដោយឡែក សម្រាប់ឆ្នាំនេះ មានយុវជននិងយុវនារីចំនួន ៣៣៥នាក់ ដែលអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសជប៉ុនផងដែរ។ គោលបំណងចំបងរបស់សមាគមគឺកសាងទំនាក់ទំនងអន្តជាតិ ចែករំលែកប្រពៃណី វប្បធម៌ ចូលរួមការងារសង្គម ការថែរក្សា និងអភិរក្សបរិស្ថាន បរិចាកឈាម ធ្វើឲ្យប្រសើរឡើងផ្នែកជំនាញ និងភាពជាអ្នកដឹកនាំ ពង្រឹងចំណេះ ដឹង និងជំនាញច្បាស់លាស់ ការចែករំលែកបទពិសោធន៍ ការរស់រួមគ្នា និងធ្វើការជាក្រុម។ល។ សម្រាប់សកម្មភាពនៅប្រទេសកម្ពុជាក្រុមយុវជននឹងចូលរួមដាំព្រៃកោងកាង និងផ្តល់ឈាម។

មានមតិសំណេះដំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងធំធេងលើចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបណ្តុះនិងត្រូវការជាចាំបាច់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សារៀបសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹកនាំល្អ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើអត្ថាធិប្បាយដោយសង្ខេបអំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ និងវិស័យកសិកម្ម។ សមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការពលិកម្មរបស់សម្តេចតេជោ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រដល់យុវជនគ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ ដើម្បីនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ទាំងនោះមកមាតុភូមិវិញចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍទឹកដីអង្គរដ៏បវររបស់យើងទាំងពេលបច្ចុប្បន្ន និងអនាគត។

ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្មួយៗយុវជនគ្រប់ៗរូបធ្វើដំណើរទៅចូលរួមកម្មវិធីនេះមានសុខភាព ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ។