រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អ


រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវចង់បាន របស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នរដ្ឋបាលរាជធានីបានបង្កើតឱ្យមានក្រុមបដិសណ្ឋារ កិច្ចនៅទំាង១០៥សង្កាត់ ទូទំាងរាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ  ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការទី៧ កាលពីព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ជំនួបពិភាក្សានេះ ក្នុងគោលបំណង សិក្សាឈ្វេងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឱ្យដឹងថា ការបង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាពស្របតាមតម្រូវការចង់ បានរបស់ប្រជាពលរដ្ឋ ខណៈដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញ តួនាទីជំនួសឱ្យចៅ សង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលសេវា។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា  រដ្ឋបាលរាជធានីនឹងអញ្ជើញ ក្រុមការងារបដិសណ្ឋារកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យគាត់យល់ពីកិច្ចការងារ របស់គាត់ ក្នុងការទទួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ  ដើម្បីបម្រើ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ  បានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានមានប្រសាសន៍ថា  រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ចក្នុងការលើកកម្ពស់កិច្ចការទំាង៤ នេះដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញនាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយដែលគណៈកម្មការចុះសិក្សាឈ្វេងយល់ និងដកបទពិសោធន៍ និងបញ្ហា ប្រឈមនានា សម្រាប់យកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕