អាជ្ញាធរខេត្តក្រចេះសម្រេចផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន យានយន្ដគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ដោយសារទឹកជំនន់


(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដោយមិនឱ្យឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧៣ ពីស្រុកឆ្លូង ទៅទីរួមខេត្ត្តក្រចេះឡើយ ដោយសារកម្ពស់ទឹកទន្លេមេគង្គ ហក់ឡើងជន់លិចផុតកម្រិតកំពស់ប្រុងប្រយត្ន័ និងបានជន់លិចកំណាត់ផ្លូវជាតិលេខ​៧៣​ ចន្លោះគីឡូម៉ែត្រ៧៥+០០០​ ដល់គីឡូម៉ែត្រ៨៦+០០០​ ក្នុងភូមិសាស្រ្តស្រុកចិត្របុរី​ ខេត្តក្រចេះ​។

សេចក្តីប្រកាសព័ត៌មានរបស់អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបញ្ជាក់ថា ការផ្អាកនេះដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ របស់បងប្អូនប្រជាពលរដ្ឋ និងការពារតួផ្លូវកុំឲ្យរងការខូចខាតធ្ងន់ធ្ងរ។

រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ការផ្អាកចរាចរណ៍បណ្តោះអសន្ននេះ ត្រូវធ្វើរហូតដល់ពេលទឹកស្រក មានស្ថានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៨ខែកញ្ញានេះ ជំនន់ទឹកទន្លេមេគង្គ កំពុងហក់ឡើងខ្លាំងដល់កម្រិត២២.៧២ម៉ែត្រ ហើយកំពុងជន់លិចតំបន់មួយចំនួន នៅខេត្តតាមដងទន្លេមេគង្គផងដែរ៕