កាលពីព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តដំណាក់ចន្ទារាម ហៅវត្ត ត្រគៀត ស្ថិតនៅភូមិត្រគៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាបបានរៀបចំពិធីសំណេះសំណាលនិងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលមានកន្ទេល ,មុង , ភួយ , សារុង និង ក្រម៉ាតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មេឃុំ ។
លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក បានធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពពីរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លោកបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងស្រុកពួក បានពឹងផ្អែកទៅលើវិស័យកសិកម្ម ដែលជាមុខរបរដ៏ចំបងរបស់ពួកគាត់ និង មានមុខរបរបន្ទាប់បនំ្សទៀតផង ។
លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ថាវិស័យសុខុមាល ភាពសង្គម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៨ របស់មន្ទីរអតីតយុទ្ធជននិងយុវនីតិសម្បទា ដែលត្រូវ យកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាជួបការលំបាក របស់បងប្អូន សំខាន់ជនរងគ្រោះ និង ងាយរងគ្រោះ ។ ក្នុងនោះដែរលោកក៏បានបញ្ជាក់អំពីសកម្មភាពក្នុងការ ចុះចែកអំណោយ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគដល់ចាស់ជរា ពិការក្រីក្រ និងរងគ្រោះធម្មជាតិឆ្នាំ២០១៩នេះ បានចំនួន៥៧៩គ្រួសារ លើក្រុង ស្រុកចំនួន៦ នៃខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា ក្នុងនាមអាជ្ញាធរខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបនូវភាពក្រីក្រ រងគ្រោះធម្មជាតិ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររងគ្រោះ ដោយអត់អាហារនោះឡើយ។ នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបបគោលនយោបាយ ជូនដល់គ្រួសារក្រីក្រ និង បងប្អូនជាស្ត្រី និង កម្មការីបានទទួលនូវបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងទៅពិនិត្យ និង ព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋ និង មណ្ឌលសុខភាព ដោយមិនគិតពីសេវាឡើយ ។ ក្នុងនោះដែរឯកឧត្តមក៏បានសម្តែង ការអាណិតអាសូរ ចំពោះបងប្អូនដែលជួបការលំបាក សំខាន់គ្រួសារទទួលរងគ្រោះដោយធម្មជាតិ ដែលធ្វើឲ្យភោគផល ដំណាំស្រូវបងប្អូនខូចខាតនាពេលកន្លងមក ដោយកង្វះទឹកស្រោចស្រព ។
ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបញ្ឈប់នូវការកាប់រានព្រៃលិចទឹក ដើមី្បយកដីធ្វើជាកម្មសិទ្ធិ ឬ លក់ឲ្យពួកឈ្មួញ ដោយព្រលិចទឹកបានផ្តល់នូវទីជម្រកត្រី គ្រប់ប្រភេទពងកូន និង ជាទីជម្រកសត្វស្លាបគ្រប់ប្រភេទដ៏កម្រ ដែលបច្ចុប្បន្ននៅលើពិភពលោក សត្វស្លាបមួយចំនួននឹងជិតផុតពូជ ផងដែរ ។
ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ បរិស្ថាន សំខាន់កុមារតូចៗ ត្រូវសម្រានក្នុងមុង កុំឲ្យមានជម្ងឺគ្រុនឈាម ដែលជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ និង ត្រូវធ្វើការដាំដំណាំរួមផ្សំ ក្នុងការទ្រទ្រង់ជីវភាពក្នុង ក្រុមគ្រួសារទៀតផង។