ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ ដឹកនាំដោយ Mr. Lu Chu Chang ។ ជំនួបនាព្រឹកនេះ ក្រុមហ៊ុនមានគោលបំណងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើការដាំឈើបម្រើឲ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឲ្យការសាងសង់អាគារ រោងចក្រគ្រឿងសង្ហារឹម និងនាំចេញ។

ជាបឋម Mr. Chang បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍការដាំឈើតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការដើម្បីឲ្យក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការវិនិយោគដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមការងាររបស់លោកបានរាយការណ៍អំពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្នមានដូចជាការបណ្តុះកូនឈើពូជ ការដាំដុះ មានដូចជាកូនឈើប្រេងខ្យល់ អាកាស្យា មៃសាក់ រកា។ល។ ចាប់តាំងពីឆ្នាំ២០១៧ មកបច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះប្រភេទឈើខាងលើបានជាង ២ ០០០ហត ហើយកំពុងរៀបចំផែនការពង្រីកការដាំដុះឲ្យបាន ៥ ០០០ ហតបន្ថែមទៀតក្នុងឆ្នាំ២០២០។ លោកក៏បានបញ្ជាក់ផងដែរថា ដោយសារក្រុមហ៊ុនបានបោះទុនវិនិយោគជាង ២ លានដុល្លារសហរដ្ឋអាមេរិកបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើនៅខេត្តកំពង់ធំ ដើម្បីធ្វើការ ផ្សព្វផ្សាយពូជឈើ បណ្តុះបណ្តាលបច្ចេកទេស លើកកម្ពស់គុណភាពឈើ និងនិរន្តភាពនៃការផ្គត់ផ្គង់កូនឈើពូជ និងជាពិសេសដោយសារភាពអំណោយផលនៃក្សេត្របរិស្ថាននៃប្រទេសកម្ពុជា ពូជឈើដែលកំពុងដាំដុះនោះនឹងមានអាយុត្រឹមតែ ៦ឆ្នាំ អាចប្រមូលផលបាន១៥០ម៣ ក្នុង១ហត។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ ការបណ្តុះកូន និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវឈើដាំ ដែលវិទ្យាស្ថាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា តាមរយ:ការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះកូន និងដាំឈើស្តារព្រៃឈើឡើងវិញស្រមតាមគោលនយោបាយរបស់ក្រសួង និងជាពិសេសរបស់រាជរដ្ឋភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួត ប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។