ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៥០៣ គ្រួសារ នៅខេត្តស្ទឹងត្រែង​ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា​


នៅរសៀល​ ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីនៅទីស្នាក់ការកណ្តាល​ និងថ្នាក់ដឹកនាំ-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ​​៥០៣គ្រួសារ ដែលរស់នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យនិងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មានការអញ្ជេីញចូលរួមដោយ​ ឯកឧត្តមវេជ្ជ.បណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង​ ឯកឧត្តម ម៉ុម សារឿន ​អភិបាលខេត្ត​ និងជាប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​ និងឯកឧត្តម​ ឈាង​ ឡាក់​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង។

ពិធីនេះរៀបចំឡើងនៅទីទួលសុវត្តិភាពចំនួនពីរកន្លែង ទួលសុវត្តិភាពទី១ ស្ថិតនៅក្នុងវរៈការពារព្រំដែនអូរស្វាយ ភូមិ អូរស្វាយ ឃុំវ៉ើនខាម ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ១៩៤គ្រួសារ និងទីទួលសុវត្តិភាពទី២ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ​ចំនួន​៣០៩គ្រួសារ​។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ និងថវិកាជូនចាស់ៗដែលជួបការលំបាកមួយចំនួនផងដែរ៕