កងការពារព្រំដែនគោកលេខ ៥០៤ ទទួលអំណោយពីអង្គភាពសម្ព័ន្ធមេត្រីភាព មុនឱកាសបុណ្យភ្ជុំបិណ្ឌ


ប៉ៃលិន៖ មុនឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង ចូលមកដល់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូសម្ព័ន្ធមេត្រីភាព ជាមួយ កងការពារព្រំដែនលេខ៥០៤ ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ បានអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ ទៅឧបត្ថម្ភជូនដល់ ពលទាហាន នាយទាហាន ក្នុងអង្គភាព កងការពារព្រំដែនលេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំង កងការពារព្រំដែន៥០៤ ជាបន្តបន្ទាប់ រយៈពេល ៩ឆ្នាំមកហើយ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់សម្តេចតេជោ សែន ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពលទាហាន និងនាយទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា៖ ឱកាសនោះគណៈប្រតិភូក៍បានឧបត្ថម្ភ ជូនដល់អង្គភាពកងការពារព្រំដែន លេខ ៥០៤ រួមមាន អង្ករ៥តោន ទឹកត្រី ១០០យួ ទឹកស៊ីអ៊ីវ ១០០យួ ឆាយប៉ូវ ១០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ត្រីងៀត ១០០គីឡូក្រាម សៀង ១០០គីឡូក្រាម មីយើង ១០០កេះ ឧបត្ថម្ភថវិកាដល់អង្គភាព ចំនួន៤លានរៀល ឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល និងថវិកាជួសជុលរបង ចំនួន ១៧០០ដុល្លា ក្នុងនោះឯកឧត្តម ផាន់ ចាន់ធុល ឧបត្ថម្ភ ១០០០ដុល្លាផងដែរ។