អជ្ញាធរខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩


ប៉ៃលិន៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអុរពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាល-អភិបាលរងក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យអប់រំឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ នៅឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធទិវាអក្ខរកម្មជាតិក្រោមប្រធានបទ “អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ” ដែលទស្សនទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាសសម្រាប់យុវជនទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍ គ្រប់ផ្នែក ជាពិសេស អក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អក្ខរកម្មគឺផ្សារភ្ជាប់នឹងជំនាញមុខរបរ ដែលជាចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់់មធ្យោបាយប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងសុខដុមជីវិតបុគ្គល និងសង្គម។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ តាមរយៈសារលិខិតចុះថ្ងៃទី១៩ សីហា ឆ្នាំ២០១៩, សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី បានអំពាវនាវចំនួន ៨ចំណុចទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ឲ្យមានការចូលរួមបន្តលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា នៅក្នុងនោះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ជួយជំរុញការបើកថ្នាក់អក្ខរកម្មគួបផ្សំនឹងថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់កម្មករ កម្មការិនី។

បើតាមរបាយការណ៍របស់លោក ជា អិត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានប្រជាជនសរុបចំនួន ៦៩០៩៦នាក់ ស្រី ៣៤៤៦៨នាក់ ក្នុងនោះ អនក្ខរជន ចាប់ពីអាយុ ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ មានចំនួន ២៤៤១នាក់ ស្រី ១១៥៤នាក់ ហើយអនុវិស័យអប់រំក្រៅប្រព័ន្ធ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអនុវត្តលើកម្មវិធីចំនួន ៥ គឺ ១-កម្មវិធីសមមូលបឋមសិក្សា ២-កម្មវិធីក្រោយអក្ខរកម្ម ៣-មជ្ឈមណ្ឌលសិក្សាសហគមន៍ ៤-កម្មវិធីចូលរៀនឡើងវិញ និង៥-កម្មវិធីអក្ខរកម្មវិជ្ចាជីវៈ ដោយមានសិស្សសរុបចំនួន ១២៦៥ ស្រី ៧៥២នាក់។