អាមេរិក! សូមកុំព្យាយាមកាឡៃការពិតការពារជនក្បត់ជាតិ កឹម សុខា អាមេរិក! សូមកុំព្យាយាមកាឡៃការពិតការពារជនក្បត់ជាតិ កឹម សុខា


អាមេរិកដែលជាឪរបស់ក្រុមប្រឆាំងនៅកម្ពុជាម្តងហើយម្តងទៀតតែងតែបំពានលើអធិបតេយ្យជាតិរបស់កម្ពុជាជារដ្ឋឯករាជ្យនិងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលផ្ទុយពីគោលការណ៍ជាសារវ័ន្តនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលកម្ពុជានិងសហរដ្ឋអាមេរិករួមនឹងប្រទេសជាសមាជិកដទៃទៀតត្រូវតែគោរពប្រតិបត្តិតាម។ទំនងប្រហែលជាអាមេរិកស៊ីលៀសរអៀសខ្លួនហើយមើលទៅឬមានអារម្មណ៍ថាខ្លាចប្រវត្តិសាស្ត្រចារឈ្មោះខ្លួនជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌បរាជ័យនៅកម្ពុជាបានជានៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានផ្សព្វផ្សាយនូវសាររបស់អ្នកនាំពាក្យសេតវិមានលោកស្រីម៉កហ្គានអូតហ្គ័ស(Morgan Ortagus) ដែលនិយាយពីខួប២ឆ្នាំនៃការចាប់ខ្លួនជនក្បត់ជាតិកឹមសុខាដោយបានលើកឡើងជាដដែលៗថាការចាប់ខ្លួនជនក្បត់ជាតិកឹមសុខានិងការរំលាយគណបក្សលក់ខ្លួនឱ្យបរទេសគឺគ្មានភស្តុតាងណាមួយដែលគួរឱ្យទុកចិត្តនិងបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងកឹមសុខានិងស្តារសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋឱ្យកឹមសុខាវិញ។

ជាថ្មីម្តងទៀតនេះគឺជាការឥរិយាបថដ៏គឃ្លើនរបស់ប្រទេសមួយដែលតាំងខ្លួនជាមហាអំណាចជាបិតាប្រជាធិបតេយ្យសិទ្ធិមនុស្សនិងនីតិរដ្ឋប៉ុន្តែបាននិងកំពុងតែរំលោភលើច្បាប់អន្តរជាតិនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យនិងឯករាជ្យមួយ។ទង្វើនេះក៏ជាការព្យាយាមលាងខ្លួនចេញពីករណីឃុបឃិតជាមួយបរទេសក្បត់ជាតិរបស់កឹមសុខានិងគណបក្សដែលខ្លួនប្រើប្រាស់ដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ដើម្បីលាងសម្អាតកេរ្តិ៍ឈ្មោះខ្លួនចេញពីភាពបរាជ័យនៃផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបតាមបែបមិនប្រជាធិបតេយ្យដែលអនុវត្តដោយខ្មោចគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅហើយត្រូវបានវាយកម្ទេចដល់ឫសគល់។ចំណែកអ្នកប្រវត្តិសាស្ត្រក៏អាចបន្តអង្គុយសរសេរពីបទពិសោធបរាជ័យដ៏អាម៉ាស់នៃផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបនៅកម្ពុជាគាំទ្រដោយអាមេរិកផងដែរ។

តាមពិតទៅសារដែលអ្នកនាំពាក្យសេតវិមានលោកស្រីMorgan Ortagus គឺជាភាសាដដែលៗដែលនិយាយដោយក្រុមប្រឆាំងក្បត់ជាតិនិងបន្ទរតាមដោយក្រុមមន្ត្រីបរទេសមួយចំនួនហើយគេពិតជាដឹងច្បាស់អំពីគោលបំណងនៃការបញ្ចេញសារទាំងនេះក្នុងសំឡេងតែមួយក៏ព្រោះតែដើម្បីជួយសង្គ្រោះ

អាយ៉ាងរបស់ខ្លួនផងនិងចង់លាងសម្អាតកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួនផង។ទាំងមន្ត្រីនៃរដ្ឋាភិបាលអាមេរិករួមនឹងសមាជិកសភាព្រឹទ្ធសភាអាមេរិកមួយចំនួនបានបន្តជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងគឃ្លើនក៏ព្រោះតែពួកគេយល់ថាត្រូវស្រោចស្រង់នូវកេរ្តិ៍ឈ្មោះរបស់អាមេរិកឡើងវិញ។ស្រោចស្រង់ពីព្រោះតែផែនការបដិវត្តន៍ពណ៌ដែលអាមេរិកគាំទ្រនៅប្រទេសនានាអនុវត្តបានជោគជ័យប៉ុន្តែត្រូវបរាជ័យយ៉ាងអាម៉ាស់នៅកម្ពុជាដោយសារតែស្នាដៃកឹមសុខាមានមាត់អត់គម្រប។

បេសកកម្មរបស់អាមេរិកគឺធ្វើយ៉ាងណាឱ្យកឹមសុខាត្រូវបានលើកលែងការចោទប្រកាន់និងគណបក្សសង្គ្រោះជាតិរស់ឡើងវិញទើបអាចលាងជម្រះនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនបានពោលគឺប្រើវិធីសាស្ត្របំភ្លៃការពិតដោយចាត់ទុកកឹមសុខាជាមនុស្សមិនមានកំហុសហើយខ្មោចគណបក្សសង្គ្រោះជាតិត្រូវតែរស់ឡើងវិញ។ហេតុដូច្នេះហើយបានជាសហរដ្ឋអាមេរិករួមនឹងសម្ព័ន្ធមិត្ររបស់ខ្លួនសហភាពអឺរ៉ុបត្រូវអនុវត្តនូវគោលការណ៍នេះនិងខិតខំធ្វើច្បាប់នេះធ្វើច្បាប់នោះដាក់សម្ពាធផ្សេងក្នុងបំណងដើម្បីស្តារមុខមាត់ខ្លួនឡើងវិញហើយការអះអាងថាស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាឡើងវិញគ្រាន់តែជាការបង្កើតលេសដើម្បីឱ្យពួកគេអាចលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាតែប៉ុណ្ណោះ។

កម្ពុជាមិនដែលបានចោទអាមេរិកឡើយប៉ុន្តែកឹមសុខាកូនសិស្សល្អរបស់ខ្លួនដែលបាននិយាយប្រកបដោយអំនួតថា«អាមេរិកគឺជាអ្នកនៅពីក្រោយផែនការផ្លាស់ប្តូររបបរបស់ខ្លួន»។ពេលដែលបានស្តាប់សម្តីរបស់កឹមសុខាប្រជាពលរដ្ឋខ្មែរនិងមន្ត្រីការទូតរួមនឹងមន្ត្រីសង្គមស៊ីវិលមួយចំនួនពិតជាហួសចិត្តគ្រវីក្បាលដូចស្រាំងទិចព្រោះនេះជាភស្តុតាងយ៉ាងច្បាស់បញ្ជាក់ថាកឹមសុខាបាននិងកំពុងឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា។ការចាប់ខ្លួននិងចោទប្រកាន់កឹមសុខាដោយតុលាការកម្ពុជាក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេសដោយយោងតាមវីដេអូឃ្លីដែលកឹមសុខាបានថ្លែងសន្ទរកថានៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣គឺដើម្បីទប់ស្កាត់ការឡើងកាន់អំណាចមិនតាមគន្លងប្រជាធិបតេយ្យនិងការទាញកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីក្រោមពាក្យស្លោក«ការផ្លាស់ប្តូរជាវិជ្ជមាន» ឬ«ការផ្លាស់ប្តូរដោយអហិង្សា» ដែលជាទ្រឹស្តីការផ្លាស់ប្តូររបបដឹកនាំតាមបដិវត្តន៍ពណ៌អនុវត្តតាមទ្រឹស្តីរបស់មេទស្សនៈវិទ្យានយោបាយជីនសាបហើយត្រូវបានអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេសយូហ្គោស្លាវីនិងស៊េបប៊ី។

ដូច្នេះមន្ត្រីនាំពាក្យសេតវិមាននិងមន្ត្រីអាមេរិកផ្សេងទៀតកុំព្យាយាមធ្វើមិនដឹងមិនឮពីភស្តុតាងជាក់ស្តែងមិនអាចប្រកែកបានដែលធ្វើសារភាពដោយកឹមសុខាផ្ទាល់នេះមិននិយាយពីភស្តុតាងជាច្រើនទៀតដែលថ្នាក់ដឹកនាំនិងបក្សសង្គ្រោះជាតិបានឃុបឃិតជាសម្ងាត់ជាមួយបរទេសនាពេលកន្លងទៅ។

តើលោកស្រីMorgan Ortagus និងមន្ត្រីអាមេរិកផ្សេងទៀតមានដឹងទេថាកឹមសុខានិយាយសារភាពអ្វីខ្លះពីផែនការបដិវត្តន៍ពណ៌ដែលរដ្ឋបាលអាមេរិកមុនៗបានជួយកឹមសុខា? កឹមសុខាបានថ្លែងថា៖«តាំងពីឆ្នាំ១៩៩៣ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូងអាមេរិកាំងរដ្ឋាភិបាលអាមេរិកគឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេសដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យគេហៅខ្ញុំមួយឆ្នាំម្តងៗឲ្យខ្ញុំទៅអាមេរីម្តងតាំងពីឆ្នាំ១៩៩៣រហូតចុងក្រោយនេះក៏គេបានសម្រេចថាដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរនោះគេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិនខ្ញុំក៏បានលាឈប់ពីនយោបាយពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ដើម្បីបង្កើតអង្គការមួយឈ្មោះថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

តើគេឲ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ដឹកនាំយើងមិនអាចទៅជល់ខាងលើបានទេមុននឹងប្តូរខាងលើបានទាល់តែគាស់អាក្រោមសិនទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះគេឲ្យខ្ញុំយកម៉ូឌែលតាមប្រទេសយូហ្គោស្លាវីនៅស៊ែប៊ីដែលគេប្តូរមេដឹកនាំផ្តាច់ការមីឡូសូវិចបាននោះមីឡូសូវិចរថក្រោះសម្បើមណាស់បងប្អូនប៉ុន្តែគេប្តូរបានដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹងហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរតែអត់មាននរណាដឹងទេ។….ឥឡូវនេះមានប្រទេសមហាអំណាចមួយខាងលទ្ធិប្រជាធិបតេយ្យគេកំពុងជួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំនូវគោលនយោបាយកម្មវិធីនយោបាយរបស់គណបក្សដើម្បីត្រៀមទៅដឹកនាំប្រទេស។…ខ្ញុំផ្ទាល់ក៏ត្រូវបានការគាំទ្រពីរដ្ឋាភិបាលអាមេរិកជាថវិកាដើម្បីបណ្តុះនូវលទ្ធិប្រជាធិបតេយ្យអស់រយៈពេល៥ឆ្នាំហើយហើយថ្ងៃនេះលទ្ធផលដែលបានមកអំពីការជួយរបស់ប្រជាពលរដ្ឋអាមេរិកបានធ្វើឱ្យប្រជាជនខ្មែរក្រោកឈរឡើងហើយបងប្អូន»។

សម្តីរបស់កឹមសុខាដែលលើកឡើងនៅពេលនោះគឺក្នុងនាមជាអនុប្រធានគណបក្សសង្គ្រោះជាតិគឺជាភស្តុតាងដ៏សំខាន់ដែលមិនអាចប្រកែកបានអំពីការចំណុះរបស់គណបក្សនេះទៅនឹងបរទេសហើយស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសក្នុងការរៀបចំនិងចាត់តាំងអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមទម្រង់បដិវត្តន៍ពណ៌ដោយយកគំរូតាមប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ីជ្រោកក្រោមលេសនៃការផ្លាស់ប្តូរជាវិជ្ជមាននិងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។សម្តីខាងលើរបស់កឹមសុខាក្នុងនាមជាអនុប្រធានគណបក្សសង្គ្រោះជាតិក៏ជាសក្ខីកម្មយ៉ាងពិប្រាកដមិនអាចប្រកែកបានថាការធ្វើសកម្មភាពនានាកន្លងមករបស់គណបក្សសង្គ្រោះជាតិរួមនឹងថ្នាក់ដឹកនាំនៃគណបក្សនេះផងគឺគ្រាន់តែជាការអនុវត្តផែនការឃុបឃិតគ្នាជាមួយបរទេសជាសម្ងាត់ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ដូចប្រទេសយូហ្គោស្លាវី។ទោះបីជាការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប៉ុន្តែការចោទប្រកាន់អំពីភាពមិនត្រឹមត្រូវនៃការបោះឆ្នោតត្រូវបានបង្កើតឡើងបានជាលេសនិងធ្វើជាហេតុផលសម្រាប់ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តផែនការសម្ងាត់ក្នុងការធ្វើបដិវត្តន៍ពណ៌ដោយឃុបឃិតគ្នាជាមួយបរទេសតែប៉ុណ្ណោះ។

ចំណុចកត់សម្គាល់គឺកឹមសុខាដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅពេលដែលនិយាយដោយចំហរចំៗថា«សហរដ្ឋអាមេរិកជាអ្នកជួយនិងឱ្យលោកអនុវត្តផែនការដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដោយយកគំរូតាមយូហ្គោស្លាវីនិងស៊ែបប៊ី»។ហើយជាមួយគ្នានេះសាររបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលបានថ្លែងបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកក៏ជាសក្ខីកម្មទទួលស្គាល់អំពីការអនុវត្តនយោបាយប្តូររបបដឹកនាំនៃរដ្ឋបរទេសនិងបានប្រកាសសន្យាថានឹងបញ្ឈប់អនុវត្តនូវនយោបាយដូររបបដឹកនាំនៃរដ្ឋបរទេសបន្តទៀតហើយដោយក្នុងសារនោះលោកដូណាល់ត្រាំបានថ្លែងថា«យើងនឹងបន្តគោលនយោបាយការបរទេសថ្មីដែលទីបំផុតរៀនពីកំហុសឆ្គងពីអតីតកាល។យើងនឹងបញ្ឈប់ការព្យាយាមផ្តួលរំលំរបបនិងការផ្តួលរំលំរដ្ឋាភិបាលនានា»។

សកម្មភាពជាច្រើនដែលត្រូវបានអនុវត្តកន្លងមកដោយកឹមសុខាក៏ដូចជាមន្ត្រីនៃគណបក្សសង្គ្រោះជាតិនិងគណបក្សសង្គ្រោះជាតិគឺជាការអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេសក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌។សកម្មភាពទាំងនេះក្រោយមកត្រូវបានបញ្ជាក់ដោយទណ្ឌិតសមរង្ស៊ីដែលថាខ្លួនក៏ជាមេចលនាបដិវត្តន៍ពណ៌មួយរូបដែរហើយសារជាច្រើនរបស់សមរង្ស៊ីដែលបាននិយាយនៅតាមប្រទេសផ្សេងៗជាមួយសកម្មជនរបស់ខ្លួននិងផ្តល់បទសម្ភាសនាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរហូតមកទល់ពេលនេះគឺបាននិងកំពុងតែអនុវត្តផែនការបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលត្រូវតែចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត។លើសពីនេះភស្តុតាងដែលលោកគង់គាំបានឆ្លើយប្រាប់តុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់កឹមសុខាក៏បានបញ្ជាក់ថាអតីតគណបក្សសង្គ្រោះជាតិបានប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីឡើងក្តាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ចំណែកកឹមមនោវិទ្យាជាកូនស្រីកឹមសុខាក៏បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនូវទំនាក់ទំនងជាយូរអង្វែងរវាងឪពុកខ្លួនគណបក្សសង្គ្រោះជាតិជាមួយនឹងមន្ត្រីនៃរដ្ឋាភិបាលរដ្ឋសភាអាមេរិកផងដែរ។កឹមសុខាខ្លួនឯងក៏ជាអ្នកនិយាយផ្ទាល់ថាអ្នកណានៅពីក្រោយអ្នកណាជាអ្នកផ្ដល់យុទ្ធសាស្ត្រហើយអ្នកណាជាអ្នកឧបត្ថម្ភ។តើនេះមិនមែនជាភស្តុតាងគ្រប់គ្រាន់ទេឬ?

សូមមន្ត្រីអាមេរិកកុំព្យាយាមបំភ្លៃភស្តុតាងនិងបង្វែរសំណុំរឿងពាក់ព័ន្ធរបស់ខ្លួន។ភស្តុតាងពិតជាមានគ្រប់គ្រាន់ទើបច្បាប់កម្ពុជាចាប់ជនក្បត់ជាតិកឹមសុខាទាំងកណ្តាលអាធ្រាតព្រោះបើទុកបុគ្គលនេះឲ្យមានសេរីភាពនោះបុគ្គលនេះនឹងបន្តអនុវត្តផែនការតាមចៅហ្វាយនាយបរទេសរបស់ខ្លួន។តើមន្ត្រីអាមេរិកពិតជាឈឺចាប់ណាស់ទៅឬដែលឃើញអាយ៉ងរបស់ខ្លួនត្រូវបានចាប់ខ្លួននិងឃុំខ្លួនព្រោះសំណុំរឿងឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ? ជាការពិតអាមេរិកក្នុងនាមជាម៉ែឪរបស់បក្សប្រឆាំងជាពិសេសអាណាព្យាបាលនយោបាយរបស់កឹមសុខាពិតជាមិនសុខចិត្តឡើយពេលឃើញអាយ៉ងរបស់ខ្លួនត្រូវចាប់វាយខ្នោះហើយផែនការបដិវត្តន៍ពណ៌ត្រូវបានបរាជ័យ។ពិភពលោកបានដឹងយ៉ាងច្បាស់ហើយថាកន្លងមកមានការផ្លាស់ប្តូររបបដឹកនាំនិងរដ្ឋាភិបាលជាច្រើននៅតាមបណ្តាប្រទេសមួយចំនួនចាប់ពីអុយគ្រែនរហូតដល់អ៊ីរ៉ាក់លីប៊ីនិងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាហើយការផ្លាស់ប្តូរនេះតាមរយៈបដិវត្តន៍ពណ៌ធ្វើឡើងដោយមានការគាំទ្រពីអាមេរិក។

កម្ពុជាធ្លាប់បានស្គាល់រសជាតិនៃការផ្លាស់ប្តូររបបនេះកាលពីថ្ងៃទី១៨មីនាឆ្នាំ១៩៧០ដែលគេដឹងថាទីភ្នាក់ងារសម្ងាត់CIA បានគាំទ្រលើការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុនាំឱ្យលន់នល់ឡើងគ្រប់គ្រងប្រទេសនិងទាញកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិលហើយបច្ចុប្បន្នប្រទេសមួយចំនួនដែលទទួលរងនូវផែនការបដិវត្តន៍ពណ៌នេះក៏កំពុងតែទទួលរងគ្រោះដូចកម្ពុជាពីអតីតកាលផងដែរ។

កម្ពុជាពេលនេះនិងតទៅទៅថ្ងៃអនាគតមិនត្រូវការការផ្លាស់ប្តូររបបតាមទម្រង់បដិវត្តន៍ពណ៌នោះទេហើយក៏មិនត្រូវការការបំផ្លិចបំផ្លាញនិងការឈឺចាប់ខ្លោចផ្សាដូចពីអតីតកាលឡើយ។កម្ពុជាពិតជាឆ្អែតឆ្អន់នឹងការផ្លាស់ប្តូរបែបមិនប្រជាធិបតេយ្យនេះហើយ។ដូច្នេះសូមមន្ត្រីអាមេរិកបោះបង់ចោលគំនិតដ៏អាក្រក់នេះទៅនិងកុំព្យាយាមទាញកម្ពុជាចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយដែលអាមេរិកកំពុងតែលេងនិងបញ្ឈប់ការលាបពណ៌កម្ពុជាគ្រប់បែបយ៉ាងតទៅទៀតនិងបញ្ឈប់ការប្រើប្រាស់លេសសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដើម្បីគាបសង្កត់កម្ពុជា! កម្ពុជាពេលនេះជាកម្ពុជាស្ថិតក្នុងសុខសន្តិភាពនិងការអភិវឌ្ឍហើយសន្តិភាពដែលកម្ពុជាមានគឺបានឆ្លងកាត់នូវពលីកម្មយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរ។

ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រោងទង់ការពារជាតិការពារអធិបតេយ្យជាតិនិងការពារឯករាជ្យជាតិខ្មែរដោយទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាននិងទោះក្នុងតម្លៃណាក៏ដោយមិនយកអធិបតេយ្យជាតិទៅប្តូរជាមួយជំនួយនិងការគាំទ្រណាមួយឡើយ។កម្ពុជាបានប្រកាន់នូវនយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធនិងសន្តិសហវិជ្ជមាន។ប្រទេសទាំងអស់រាប់ទាំងសហរដ្ឋអាមេរិកក៏ជាមិត្តរបស់កម្ពុជាជាមិត្តដែលមានទំនាក់ទំនងការទូតគោរពគ្នាទៅវិញទៅមកដោយស្នើភាពនិងស្មើសិទ្ធិ៕

ដោយ៖ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩