គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន សន្និបាតបូកសរុបសមិទ្ធិផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្ត ៥ឆ្នាំបន្ត ឆ្នាំ២០១៧-២០២២


នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបចំសន្និបាតបូកសរុបសមិទ្ធិផលសកម្មភាពការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅភារកិច្ចការងារ៥ឆ្នាំបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ និងបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ដោយអង្គពិធីក៏មានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយឃុំស្ទឹងកាច់គ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សទូទាំងឃុំជាច្រើនផងដែរ។
អង្គសន្និបាតបានធ្វើការបូកសរុបសមិទ្ធិផលសកម្មភាពការងាររយៈពេល៥ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ចការងារ៥ឆ្នាំបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ទាំងអស់ដោយសេចក្តីនឹករលឹក និងបានកោតសរសើរ វាយតម្លៃខ្ពស់ដល់សមាជិក សមាជិកានិងថ្នាក់ដឹកនាំគណបក្សឃុំ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាជនបានល្អ ដោយធ្វើឲ្យការអភិវឌ្ឍន៍ឃុំ បានរីកចំរើនគួឲ្យកត់សំគាល់ ។

ឯកឧត្តមបន្តថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំរាប់ការអភិវឌ្ឍន៍នៅមូលដ្ឋានអាណត្ដិទី៤បន្ដទៀត គឺគណបក្សបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍមូលដ្ឋាន ដោយធ្វើយ៉ាងណាបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចទីប្រជុំជន ឲ្យទទួលបានជីវភាពសមរម្យគ្រប់ក្រុមគ្រួសារ ហើយគណបក្សប្រជាជនកម្ពុជាបន្តការពារថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យកាន់តែរឹងមាំ ខ្លាំងក្លា​ និងកាន់តែមានប្រសិទ្ធិភាពឡើង ដើម្បីធានាការរស់នៅដ៏សុខសានរបស់ប្រជាជននៅគ្រប់មូលដ្ឋាន។

ឯកឧត្តម បានបន្តទៀតថា ការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់នាពេលនេះគឺបានបង្ហាញពីលទ្ធប្រជាធិបតេយ្យ ដោយតម្លាភាព សម្ងាត់ និងយុត្តិធម៌ ចំពោះសមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូបក្នុងមូលដ្ឋាន ផងដែរ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការងារនិងបំរើប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋានបានល្អ ហើយបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋានផ្ទាល់មានរីកចំរើនលើគ្រប់វិស័យ ។