ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ, លោកជំទាវ ម៉ែន សំអន ជំរុញឲ្យមន្រ្តីខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ


ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ត្រូវបានប្រកាសជាផ្លូវការ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសំរាប់ខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ។

ពិធីប្រកាសជាផ្លូវការត្រូវ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ បានលើកឡើងពីសកម្មភាពរបស់ក្រុមការងារចុះជួយរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់សំណូមពរ និងឆ្លើយតបតាមតំរូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីត្រូតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅរាជធានីភ្នំពេញ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។

លោកជំទាវ ម៉ែន សំអន បានថ្លែងថា «យើងមានរយៈពេល ២ឆ្នាំកន្លះដើម្បីពង្រឹងបន្ថែម និងបង្កើនការជឿជាក់ពីប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលតាមរយៈការចុះជួបប្រជាពលរដ្ឋ បង្កើនភាពស្និតស្នាលនឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ពិសេសតាមរយះវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ»។

លោកជំទាវបានបន្តទៀតថា «ក្រុមការងារធ្វើសកម្មភាពលើកកំពស់ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៅតាមសហគមន៍នានា នៅមូលដ្ឋាន តាមរយះសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជធាការគ្រប់លំដាប់ថ្នាក់ក្នុងការជួប ប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើសំណូមពរ បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលជូនប្រ ជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយនោះ ដោះស្រាយ និងបូកសរុបសំណើសំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»៕