លោកជំទាវកិត្ដិយសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីថ្ងៃទី១០ ខែ ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា៖

ការចុះមូលដ្ឋានរបស់យើង​នេះមាន​សារៈសំខាន់ណាស់ ពោលគឺ៖ ទី១.លើក​កម្ពស់ការ ផ្សារភ្ជាប់ទំនាក់ទំនងរវាង​ប្រជាពលរដ្ឋ​ជាមួយ ​រាជរដ្ឋាភិបាល តាមរយៈ សកម្មភាពរបស់ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់នៅ តាមមូលដ្ឋាន។ ទី២.ត្រូវផ្សព្វផ្សាយ កម្មវិធីនយោបាយ និងសមិទ្ធផលនានា​របស់ រាជរដ្ឋាភិបាល​ ជូនប្រជាពលរដ្ឋបានជ្រាប ។ និង ទី៣. ដោះស្រាយ​និងបូកសរុបសំណើ សំណូមពរ​បញ្ហាប្រឈមនានា​នៅមូលដ្ឋាន មានវិធានការដោះស្រាយ​ឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ​។

លោកជំទាវក៏ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៖

១. ត្រូវចូលរួមសាង អំពើល្អឲ្យគ្រប់ៗគ្នា

២. ត្រូវផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ

៣. មិនត្រូវមានចរិក ជានាម៉ឺននិយមនៅពេល ចុះជួបជាមួយប្រជាពលរដ្ឋ

៤. រដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការវះកាត់ នូវរាល់បញ្ហាអសកម្មនានា ដើម្បីចូលរួមជាមួយរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។