ស្ថានីយអ្នកដំណើរថ្មីនៃព្រលានយន្តខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ មានសមត្ថភាពទទួលអ្នកដំណើរ៣.៦លាននាក់


ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវល បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ និងឆ្លងផែនការមេ ស្តីពីការពង្រីហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការធ្វើបទបង្ហាញរបស់ លោក អាឡាំង ប្រ៊ង អគ្គនាយកថ្មីនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងក្រុមការងារផងដែរ។

ជាគោលការណ៍ផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះ ដែលបានស្នើឡើងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ត្រូវបានទទួលការឯកភាពពីក្រុមការងារបច្ចេកទេស នៅក្នុងកិច្ចប្រជុំនេះ។

ន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានណែនាំ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាឲ្យបានល្អ ដើម្បីសម្រេចនូវគោលដៅនៃការសាងសង់ឲ្យបានរួចរាល់តាមផែនការ ជាពិសេសត្រៀមលក្ខណៈទទួលការហោះហើរពិសេស របស់ថ្នាក់ដឹកនាំកំពូលពីបណ្តាប្រទេសនានា ដែលប្រទេកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទៈកិច្ចប្រជុំកំពូលអាស៊ានចុងឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា តាមផែនការមេស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ ដោយមានសមត្ថភាពទទួលអ្នកដំណើរ ៣.៦លាននាក់ សម្រាប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ២០២២ និងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែមដល់ទៅជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។

ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិនេះ ក៏កំពុងដំណើរការពង្រីកផ្លូវរត់ហោះហើរ ពី២៥០០ម៉ែត្រឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំ។ ដោយឡែក ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត នៃអាកាសយានដ្ឋាននេះ ត្រូវបានពង្រឹងនិងពង្រីកផងដែរ ដែលឆ្លើយតបតាមកំណើននៃការហោះហើរ ក្នុងស្រុកនិងអន្តរជាតិយ៉ាងជង្ហុក នាពេលបច្ចុប្បន្ន៕