ពលរដ្ឋជាង៦០០គ្រួសារ នៅស្រុកចិត្របុរី និងក្រុងក្រចេះ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព, ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដយកអំណោយចែកជូន


(ក្រចេះ)៖ ដើម្បីឆ្លើយតបទុក្ខលំបាក និងតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដែលបានជន្លៀសមកនៅលើទួលសុវត្ថិភាព ទេសរដ្ឋមន្ត្រី គន់ គីម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបន្តដំណើរការចុះសួរសុខទុក្ខ និងចែកជំនួយដល់ប្រជាពលរដ្ឋនៅវត្តបុសលាវ និងអនុសាខាកាកបាទក្រហមក្រុងក្រចេះ ដែលទាំងពីរទីតាំងនេះ មានគ្រួសារសរុប៦២៣គ្រួសារ ត្រូវបានជម្លៀសមកពីស្រុកចិត្របុរី និងក្រុងក្រចេះ។

ពិធីនេះមានការចូលរួមពីឯកឧត្តម អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលលោកទាំងពីរ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលកំពុង ជួបការលំបាកនាពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ជំនួយទាំងនេះ គឺជាជំនួយរូមគ្នា បានមកពីសម្តេចទាំងពីរ ដែលដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកាកបាទក្រហមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន មី១កេស, ត្រីខមួយយួរ, មុង១ និងអង្ករ២៥គីឡូក្រាម។

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានបន្តទៀតថា ជំនួយទាំងនេះ គឺផ្តល់ដល់អ្នករងគ្រោះពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជាតិសាសន៍អ្វីឡើយ ជាពិសេសសម្រាប់គ្រួសារដែលរងគ្រោះ និងបានជន្លៀសមកនៅតាមទីទួលសុវត្ថិភាពតែម្តង ដែលមានតម្រូវការចាំបាច់ក្នុងអំឡុងពេលនេះ។

លើសពីនេះ ឯកឧត្តម គន់ គីម ក៏បានលើកឡើង និងសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានបំពេញ ការងារយ៉ាងល្អ តាំងពីចាប់ផ្តើមជន្លៀស និងពេលមកដល់ទីទួលសុវត្ថិភាពផងដែរ។

ចំពោះការស្នាក់នៅលើទីទួលសុវត្ថិភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់បងប្អូនយកចិត្តទុកដាក់រក្សាអនាម័យ និងស្វែងរកសេវាសុខភាព ដែលមានក្រុមការងារមន្ទីរសុខាភិបាលមកប្រចាំការស្រាប់ នៅទីទួលនីមួយៗ។ ក្រោយពីការចែកចាយនេះ លោកក៏បានចុះពិនិត្យស្ថានភាពទឹកជំនន់ ជាក់ស្តែងនៅស្រុកព្រែកប្រសព្វផងដែរ ដោយបានជួបផ្ទាល់ ជាមួយគ្រួសារដែលរស់នៅតាមផ្ទះផ្ទាល់។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ក្នុងអំឡុងពេល២សប្តាហ៍ បន្ទាប់ពីមានទឹកជំនន់នេះ ដែលទេសរដ្ឋមន្ដ្រី គន់ គីម បានចុះមកជួបសួរសុខទុក្ខ និងចែកជំនួយដល់គ្រួសាររងគ្រោះ ជាពិសេសនៅតាមទីទួលសុវត្ថិភាព តាមទីតាំងសំខាន់ៗ នានាក្នុងខេត្តក្រចេះ។ ក្នុងពេលនេះដែរ កាកបាទក្រហមកម្ពុជា និងអាជ្ញាធរកំពុងប្រចាំការតាមដានសភាពការណ៍ជាក់ស្តែង ដើម្បីអាចជួយប្រជាពលរដ្ឋទាន់ពេលវេលា៕