លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការនៃការចូលជាសមាជិក របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការនៃការចូលជាសមាជិក របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ និងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ នូវអំពើហឹង្សាលើកុមារ រហូតទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រកាសជាផ្លូវការថា ប្រទេសកម្ពុជា បានក្លាយខ្លួនជាសមាជិក នៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយបានក្លាយជាប្រទេសនាំមុខទី៤ក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសម៉ុងហ្គោលី នៅចំពោះមុខវត្តមានរបស់អ្នកពាក់ព័ន្ធសំខាន់ៗ និងបង្ហាញអំពីការប្តេជ្ញា ចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។
លោកជំទាវក៏បានបន្តទៀតថា ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ គឺតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់រួមគ្នា និងការគៀងគរអ្នកពាក់ព័ន្ធទាំងអស់ និងសង្គមទាំងមូល គឺចាំបាច់បំផុតស្របទៅតាមបទដ្ឋានជាតិ ដែល មាននិងកំពុងដាក់ឲ្យអនុវត្តជាធរមាន រួមមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធកុមារ ឲ្យកាន់តែមានប្រសិទ្ធិភានោះ ទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការជាតិ និងអ្នកពាក់ព័ន្ធទាំងអស់៕