អក្ខរកម្ម គឺជាគ្រឹះនៃចំណេះដឹង ការអប់រំ នឹងជាគន្លឹះនៃការអភិវឌ្ឍ


ទីស្តីការក្រសួងៈ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ ក្រោមប្រធានបទ”អក្ខរកម្មផ្សារភ្ជាប់នឹងមុខជំនាញមុខរបរ” ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់បព្វជិតពុទ្ធសាសនា ពាហិរសាសនា អាចារ្យ សីលវន្ត សីលវតី គណៈកម្មការវត្ត និងសាវ័កនៃពាហិរសាសនា សរុប៤៥០អង្គ/នាក់ និងមានវាគ្មិនចំនួន៥អង្គ/នាក់។
ឯកឧត្តមរដ្ឋលេខាធិការបប្រចាំការ បានមានប្រសាសន៍ថា អក្ខរកម្ម គឺជាគ្រឹះនៃចំណេះដឹង ការអប់រំ នឹងជាគន្លឹះនៃការអភិវឌ្ឍ នឹងការរួមចំណែកកាត់បន្ថយចំណាកស្រុក ដោយប្រថុយ ប្រថាន ហើយអក្ខរកម្មនាំឲ្យសង្គមជាតិ កាន់តែអភិវឌ្ឍរីកចម្រើន។
ឯកឧត្តមរដ្ឋលេខាធិការបប្រចាំការ បានមានប្រសាសន៍បន្តថា អក្ខរកម្មមិនមែនសម្រាបតែកុមារ ឬ យុវជននោះទេ ពោលគឺអក្ខរកម្មត្រូវសិក្សាមួយជីវិតយើងគ្រប់ៗគ្នា ព្រោះអក្ខរកម្ម មិនគ្រាន់តែធ្វើឲ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយ ឬចេះទន្ទេញ ស្វាធ្យាយធម៌សូត្រ តាមគម្ពីរក្បួនច្បាប់ នៃសាសនា បានត្រឹមត្រូវនោះទេ ថែមទាំងចេះប្រើបា្រស់ជំនាញមុខរបរ បង្កើតអាជីវកម្ម អាជីពប្រចាំថ្ងៃ ដើម្បីបង្កើនប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ព្រមទាំងធ្វើឲ្យសហគមន៍មានការរីកចម្រើនផងដែរ ពោលគឺមានអក្ខរកម្មទើបមានចំណេះដឹង មានចំណេះធ្វើ និងមានការអភិវឌ្ឍ ដោយសារអក្ខរកម្មបានផ្តល់នូវជំនាញមូលដ្ឋាន ដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំងបន្តកែលម្អកម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋលេខាធិការបប្រចាំការ បានបញ្ជាក់បន្ថែមទៀតថាទិវាអក្ខរកម្មនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បំផុស និងបញ្រ្ជាបចំណេះដឹងដល់បព្វជិតពុទ្ធសាសនា ពាហិរសាសនា អាចារ្យ សីលវន្ត សីលវតី គណៈកម្មការវត្ត និងសាវ័កនៃពាហិរសាសនា ឲ្យយល់ដឹងពីសារសំខាន់នៃអក្ខរកម្ម គឺជាគ្រឹះនៃការកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។