ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលា «ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី» ក្នុងវិស័យទេសចរណ៍


រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ហ៊ុន ដានី តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រស្តីពី «ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី» ក្នុងវិស័យទេសចរណ៍។ ពិធីនេះ ត្រូវបានធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងទេសចណ៍ ក្នុងគោលបំណងដើម្បីបំប៉នសមត្ថភាពជនបង្គោលយេនឌ័រ នៅតាមមន្ទីរទេសចរណ៍ រាជធានី-ខេត្ត និងផ្នែកឯកជនឲ្យយល់ច្បាស់ពីសិល្ប៍វិធី ក្នុងការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី និងគោលនយោបាយយេនឌ័រ ក្នុងវិស័យទេសចរណ៍។

លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ មានគោលដៅជំរុញការបង្កើនភាពអង់អាចដល់ស្រី្ត។ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ នៅក្នុងទីផ្សារការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេឲ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែន និងឆ្លាតវៃ ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ អាចឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

គោលដៅនៃការបង្កើនភាពអង់អាចដល់ស្ត្រី គឺដើម្បីកាត់បន្ថយភាពរងគ្រោះរបស់ស្ត្រី, រក្សាកំណើនសេដ្ឋកិច្ច និងពង្រឹងតួនាទីក្នុងភាពជាដៃគូរបស់បុរស ក្នុងសង្គមដែលមិនអាចខ្វះបាន។

លោកជំទាវ បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជា «មាសបៃតង» ជាវិស័យអាទិភាពមួយ ត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។ វិស័យនេះបានចូលរួមយ៉ាងខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បច្ចុប្បន្នកម្លាំងពលកម្មដោយផ្ទាល់ ក្នុងវិស័យនេះមានប្រមាណ៦២ម៉ឺននាក់ ក្នុងនោះស្ត្រីប្រមាណ៦០%។ ដូច្នេះសបញ្ជាក់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយមានវត្តមាននៅគ្រប់សេវាកម្មទាំងអស់ ក្រៅពីនេះមានក្រុមនារីឯកជន ក្នុងឧស្សាហកម្មទេសចរណ៍ និងក្រុមនារីឆ្នើមផងដែរ។ ក្រសួងទេសចរណ៍ តែងតែលើកទឹកចិត្តដល់ពួកគាត់ឲ្យមានភាពអង់អាច ក្នុងការចូលរួមកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើន ក៏ដូចជាតម្រូវការនៃភ្ញៀវទេសចរ៕