ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនេះ លោកស្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដែលឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងនិរន្តរភាព។ ឆ្លៀតយកឱកាសនេះ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះគឺដើម្បីស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយ WB ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួចមកហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ដោយឡែក ជំនួបជាមួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ទាក់ទងការអនុវត្តគម្រោង លទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយហិរញ្ញប្បទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានវាយតម្លៃលើសមិទ្ធផលរបស់គម្រោងដែលអន្តរក្រសួងបានអនុវត្ត ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ លើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។ គម្រោងបានធ្វើឲ្យសហគមន៍បានប្រើប្រាស់ដីក្នុងទិសដៅ បង្កើនផលិតភាពផលិតកម្មកសិកម្ម ជួយលើកស្ទួយកម្រិតជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ដោយទទួលបានសេវាសាធារណៈ និងអប់រំ ប្រកបដោយគុណភាព។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោកដែលកន្លងមកបានជួយគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម។ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យកសិកម្មមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយផលិតស្បៀងលើសពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍវិស័យមួយនេះដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០និងឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យធនាគារជួយគិតគូពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីៗបន្ថែមទៀតឲ្យស្របតាមតម្រូវការ ស្ថានភាព និងគោលដៅជាក់ស្តែងរបស់ក្រសួងដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។ លោកមានសុទិដ្ឋិនិយមថា កិច្ចការទាំងអស់នេះអាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតចូលរួមយ៉ាងសកម្ម និងពេញលេញ ដោយឈរលើស្មារតីទទួលខុសត្រូវ និងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនខាងលើ
ដោយហេតុផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលការងារនេះទាមទារឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរបច្ចេកវិទ្យាសមស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើកសិពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។ កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះ កសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាចធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃបន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមមានតម្លៃ ប្រើប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។ ភ្ជាប់ទៅហ្នឹងការប្រែប្រួលនេះ លោកស្រីបានស្នើឲ្យគ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល និងវិស័យឯកជនចូលរួមដាក់ចេញនូវគោលនយោបាយ ទិសដៅ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកប ដោយចីរភាព និងនិរន្តរភាព។
ចុងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថានឹងបន្តសហការគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀតស្របតាមកំណើរសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផលដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។