ឯកឧត្តម សុខ ឥសាន បានអះអាងថាការស្នើសុំអន្តរាគមនន៍របស់ទណ្ឌិតសម រង្ស៊ី ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺគ្មានប្រយោជន៍នោះទេ ។


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា(ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានអះអាងថា ការស្នើសុំអន្តរាគមនន៍ របស់ទណ្ឌិតសម រង្ស៊ី ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ដើម្បីឲ្យមានការចរចា ជាមួយគណបក្សកាន់អំណាច គឺគ្មានប្រយោជន៍នោះទេ ។

ការបញ្ជាក់របស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ទាប់ពី លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ទៅកាន់ លោក មហាធា ដើម្បីជួយអន្តរាគមន៍ ឲ្យមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិជាថ្មី ។

យ៉ាងណាក្តីឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា ការស្នើសុំអន្តរាគមន៍ របស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឲ្យលោក មហាធា ជួយឲ្យមានការចរចា ជាមួយគណបក្សកាន់អំណាច គឺជារឿងឥតប្រយោជន៍ ដោយសារលោក មហាធា គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេស ជាសមាជិកអាស៊ាន ។

ឯកឧត្តមបន្តថា ការស្នើសុំនេះ ជាល្បិចកលពិសពុល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមេឧទ្ទាម ទើបតែប្រកាសនៅបារាំង មិនចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ជាដាច់ខាត ។ នេះជាទង្វើរបស់ មេឧទ្ទាមក្រៅច្បាប់ ដែលក្រអឺតក្រទមតែសំបកក្រៅ ។ ទន្ទឹមនឹងនិយាយបោក អ្នកមកចូលរួមប្រជុំជាមួយខ្លួននៅបារាំងថា មិនចរចាដាច់ខាតជាមួយសម្តេចតេជោ ឥឡូវស្រាប់តែមកសុំអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទៅវិញ។

អ្នកនាំពាក្យ គណបក្សកាន់អំណាច បានលើកឡើងទៀតថា “ក្រុមឧទ្ទាមក្រៅច្បាប់ ចង់ឲ្យមានការចរចា ជាគណបក្សប្រជាជនកម្ពុជា គឺអត់មានចរចាជាមួយ ក្រុមជនក្បត់ជាតិសោះឡើយ ហើយក៏អត់មានការ សុំលើកលែងទោស ឲ្យក្រុមជនទាំងនេះដែរ ។ ក្រុមឧទ្ទាមក្រៅច្បាប់ ជាអ្នកសម្លាប់វប្បធ៌មសន្ទនា ដូច្នេះគ្មានទេការចរចា ជាមួយពួកនេះ” ។

ឯកឧត្តមបន្ថែមថា អតីតបក្សប្រឆាំង បានរលាយទៅហើយ តាមសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល ដូច្នេះបក្សខ្មោចនេះ គ្មានរូបរាងទៀតទេ ៕