នៅរសៀលថ្ងៃអង្គារ១២ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃធនាគារវិនិយោគអ៊ឺរ៉ុប (EIB) ដែលដឹកនាំដោយ លោក Tao Ren មន្ត្រីឥណទានជាន់ ខ្ពស់ប្រចាំតំបន់អាស៊ី និងប៉ាស៊ីភិក និងសហការី។ អញ្ជើញចូលរួមក្នុងជំនួបនេះដែរ មានលោក Franck Viauct ប្រធានកិច្ចសហប្រតិបត្តិការនៃការិយាល័យសហគមន៍អ៊ឺរ៉ុប និង លោក Meng Sakphouseth មន្ត្រីកម្មវិធីរបស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)ប្រចាំកម្ពុជា។ កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការ និងការផ្តល់ហិរញ្ញវត្ថុបន្ថែមសម្រាប់ការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលគាំទ្រហិរញ្ញវត្ថុដោយ IFAD ។ ជាលទ្ធផល តំណាង EIB បានសំដែងនូវការពេញចិត្តចំពោះការរៀបចំគម្រោង SAAMBAT និងបានបញ្ជាក់ថា EIB បានត្រៀមលក្ខណៈក្នុងការផ្តល់ហិរញ្ញវត្ថុបន្ថែម។ ចំពោះទំហ៊ំថវិកា ក្រុមការងារបច្ចេកទេសរបស់ EIB នឹងពិភាក្សាជាមួយមន្រ្តីបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និង IFAD។ សូមបញ្ជាក់ថា គម្រោង SAAMBAT នឹងស្ថាបនាផ្លូវជនបទជាប្រភេទ DBST និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់ទីផ្សារផលិតផលកសិកម្ម នៅក្នុងខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង និងខេត្តបាត់ដំបង។
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃធនាគារវិនិយោគអ៊ឺរ៉ុប (EIB)
