សិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រងនិងអភិរក្សប្រព័ន្តតំបន់ការពារធម្មជាតិ


ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបាន​អញ្ជើញ​ចូលរួម​ជាអធិបតី​បើកសិក្ខាសាលាស្តីពី«ការពង្រឹងការគ្រប់គ្រងនិងអភិរក្សប្រព័ន្តតំបន់ការពារធម្មជាតិ»​ព្រមទាំង​ មានវត្តមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ​ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងគ្រឹះស្ថានឧត្តមសិក្សា​ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ជាច្រើននាក់ នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៩នៅទីស្តីការក្រសួងបរិស្ថាន​។

នាឪកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបាននឹង កំពុងកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងវិស័យព្រៃឈើដោយផ្តោតលើមុខងារ និងសមត្ថ ភាពស្ថាប័នក្នុងការគ្រប់គ្រងព្រៃឈើក្នុងប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។ ក្នុងបរិបទនៃការកែ ទម្រង់ ក្រសួងបរិស្ថានទទួលបន្ទុក ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទទួលបន្ទុកក្នុងកិច្ចការអភិវឌ្ឍន៍ ដើម្បីធានាពីតុល្យភាពរវាង ការអភិរក្ស និងការអភិវឌ្ឍ។​ ជាមួយគ្នា​នេះ​ ឯកឧត្តម​បានបញ្ជាក់​ថា​ ក្នុងគោលបំណងធានាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន រួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមានគោលនយោបាយបង្កើតបន្ថែមតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់ការពារ ធម្មជាតិ ចំនួន៥៥កន្លែងនិងរបៀងអភិរក្សជីវៈ(ឥ្ឍសាន ឧត្តរ និងជួរភ្នំក្រវ៉ាញ) គ្របដណ្ដប់លើផ្ទៃដីជាង ៧លានហិកតា នៃផ្ទៃដីប្រទេស ដែលចាត់ទុកថាជាប្រទេសមានតំបន់ការពារធម្មជាតិក្នុងអត្រាមួយដ៏ខ្ពស់លើពិភពលោក។ ទន្ទឹមនេះប្រទេសកម្ពុជា នៅមានតំបន់ព្រៃឈើធម្មជាតិផ្សេងៗទៀតប្រមាណជាង១លានហិកតា ដែលស្ថិតនៅ ក្រៅតំបន់ការពារធម្មជាតិផងដែរ។

ឯកឧត្តមស្រ៊ុន ដារិទ្ធ បន្តទៀតថា៖ តំបន់ការពារធម្មជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃសម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់ប្រទេស ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែក បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ តំបន់ការពារធម្មជាតិមិនត្រឹមតែផ្តល់នូវជីវៈចម្រុះដ៍សំបូរបែប និងជាទីជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅប្រជាសហគមន៍ជនបទ ដែលពឹងអាស្រ័យ នឹងធនធានព្រៃឈើ ហើយក៏កំពុងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិតថាមពល វារីអគ្គិសនីផងដែរ។ល។ ជាងនេះទៅទៀត តំបន់ការពារធម្មជាតិប្រទេសកម្ពុជា មានសក្តានុពលយ៉ាងធំធេងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរធម្មជាតិ ដែលជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ និងកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុរបស់ពិភពលោក។

គួរបញ្ជាក់ថា៖សិក្ខាសាលានេះ មានរយៈពែល ២ថ្ងៃ ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលនៃការងារគ្រប់គ្រង ការពារ និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិកន្លងមក និងជួយផ្តល់ជាគំនិត និងធាតុចូលសំខាន់ៗបន្ថែម សម្រាប់បន្តទិសដៅការងារគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមសម្រាប់ជាតិ និងមាតុភូមិរបស់យើង។