ឯកឧត្តម សុខ ឥសាន បានហៅទង្វើសម រង្ស៊ីថា ជាការញុះញង់ និងបោកប្រាស់កងទ័ព ដែលក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើគ្មានបានការ


ភ្នំពេញ ៖ ជាថ្មីម្តងទៀតលោក សម រង្ស៊ី បានអំពាវនាវ ទៅដល់កងកម្លាំងប្រដាប់អាវុធ ស្នេហាជាតិឲ្យរើបម្រះ និងផ្តាច់ខ្លួនពីជួរកងទ័ព ក្រោមការគ្រប់គ្រង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ គណបក្សកាន់អំណាច តបទៅវិញថា មិនងាយនោះទេ ព្រោះកងទ័ពនៅតែស្មោះស្ម័គ្រ ជាមួយរាជរដ្ឋាភិបាល។

អតីតមេបក្សប្រឆាំងនេះ បានលើកឡើង ក្នុងបណ្តាញ សង្គមហ្វេសប៊ុកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ថា “ កងទ័ពត្រូវរើបម្រះខ្លួន ហើយផ្តាច់ខ្លួន ពីរបបផ្តាច់ការ និងក្បត់ជាតិ ហ៊ុន សែន ដើម្បីទៅចូលរួមជាមួយប្រជាពលរដ្ឋ ដែលនឹងងើបឈរជាធ្លុងមួយ ទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរ បស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩”។

កាលពីថ្ងៃ១៦ កញ្ញា គណៈអចិន្ត្រៃយ៍ អតីតគណបក្សសង្រ្គោះជាតិ បានសម្រេចត្រៀមថវិកា សម្រាប់ផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធ ដែលផ្តាច់ខ្លួនពីរបបសព្វថ្ងៃ មកការពារប្រជារាស្ត្រ នៅថ្ងៃ ៩ វិច្ឆិកា។

អ្នកនាំពាក្យគណបក្សកាន់អំណា ឯកឧត្តម សុខ ឥសាន បានហៅទង្វើលោកសម រង្ស៊ីថា ជាការញុះញង់ និងបោកប្រាស់កងទ័ព ដែលក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើគ្មានបានការ ។

ឯកឧត្តមថា “កងទ័ពជាតិកម្ពុជាស្មោះស្ម័គ្រ ការពាររាជរដ្ឋាភិបាលកម្ពុជា មិនចូលដៃជើងជាមួយ ក្រុមក្រុមឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិឡើយ” ។

ឯកឧត្តម សុខ ឥសាន បន្ថែមថា ទង្វើលោក សម រង្ស៊ី ហួសព្រំដែនហើយ ពីមុនញុះញង់ ឲ្យកងទ័ពបែរកាណុង មករករាជរដ្ឋាភិបាល តែឥឡូវញុះញង់កងទ័ព ឲ្យរង់ចាំទទួលប្រាក់ឧបត្ថម្ភពីខ្លួនទៅវិញ។ កាន់តែបង្ហាញពីចរិតក្បត់ជាតិ កាន់តែច្បាស់ និងធ្ងន់ធ្ងរឡើងថែមទៀត ៕