(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍សង្កត់ធ្ងន់ ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសត្រូវសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារឱ្យបាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
ឯកឧត្តមបានណែនាំឱ្យប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរឱ្យបានហ្មត់ចត់ នៅតាមគោលដៅទេសចរណ៍នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
ការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល៩ខែ ដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ក្រៅពីអនុសាសន៍សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានដាក់ចេញការងារសំខាន់ៗមួយចំនួន ដែលក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន៖
* ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីទៅជាតំបន់ទេសចរណ៍ សមាហរណពិសេស និងខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
* ការរៀបចំកែសម្រួលសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ទៅជាអនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍។
* ការរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នងរបស់ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
* វិធានការទប់ស្កាត់រាល់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃទាប (Low Cost) ថ្លៃសូន្យ (Zero Package Tour) ឬក្រោមសូន (Minus Tour) និងការទប់ស្កាត់ និងលុបបំបាត់ការលក់ដូរវត្ថុអនុស្សាវរីយ៍ក្លែងក្លាយ។
* ការដាក់ចេញនូវផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទេសចរណ៍ ឆ្នាំ២០២០-២០២៣។
* ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ វត្តទេសចរណ៍ជាដើម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (បុគ្គលិកម្នាក់ ជំនាញមួយ) ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ (សេវាមួយ ស្តង់ដាមួយ)។
* ការអនុវត្តស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food)។
* ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធអនឡាយ (Smart Tourism) ការពង្រឹងការឃោសនា និងផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស។
* ការជំរុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
* ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានណែនាំដ ល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពនូវសារាចរណែនាំស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី២៧-២៨-២៩ ខែកញ្ញា ឆ្នាំ២០១៩ ពិសេសត្រូវខិតខំសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារ៕