រដ្ឋមន្រ្ដីក្រសួងកសិកម្ម ដាក់ចេញគោលការណ៍៦ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរួមគ្នាអនុវត្តន៍ឲ្យទទួលបានជោគជ័យ


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំអចិន្ត្រៃយ៍មួយ ក្រោមការចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទីប្រឹក្សា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត និងលោក-លោកស្រីមន្រ្តីរាជការយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកកម្មវត្ថុ៦ចំណុច ដើម្បីដាក់ចេញវិធានការ សម្រាប់អនុវត្តនាពេលខាងមុខ

១៖ ការវិវឌ្ឍន៍នៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងអន្តរជាតិ។

២៖ ការពិនិត្យ និងវាយតម្លៃលើបច្ចុប្បន្នភាពនៃ ការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម បញ្ហាប្រឈម និងយន្តការដោះស្រាយ។

៣៖ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

៤៖ ការពង្រឹងសាមគ្គីផ្ទៃក្នុង គោរពវិន័យ ក្រមសីលធម៌មន្ត្រីរាជការ ក្នុងការគ្រប់គ្រង ដឹកនាំការបំពេញភារកិច្ចស្របតាមសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និងត្រូវគោរពតាមឋានានុក្រមការងារ ជាចាំបាច់តាមគោលការណ៍ «សមូហ-ភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»។

៥៖ ត្រូវយកអស់ស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ និងដើម្បីឈានទៅសម្រេចគោលនយោបាយ អភិវឌ្ឍវិស័កសិកម្ម២០១៩-២០២៣ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០-២០៥០។

៦៖ តាមដានសភាពការណ៍ និងបញ្ហាប្រឈម ការងារបង្កបង្កើនផល និងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដែលកើតមានឡើងនៅតាមបណ្តាខេត្ត ដែលថ្នាក់ដឹកនាំនីមួយៗទទួលបន្ទុក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕