សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៩និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប


នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅខេត្តសៀមរាប ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

ក្នុងនោះសម្តេចពិជ័យ សូមឲ្យកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ត្រូវផ្តោតសំខាន់ ចំពោះមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង មិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និង ការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង ។ បញ្ហានេះហើយ ដែលត្រូវក្រុមការងារចុះជួយគ្រប់ក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ ដើមី្បឲ្យពួកគាត់ចាញ់ នូវឧបាយកលរបស់ក្រុមជ្រុលនិយម ដែលជាក្រុមឧទាមរត់ចោលស្រុក ។តាមលទ្ធផលនៃសេចក្តីរាយការណ៍ស្តីពីសមិទ្ធិផលរដ្ឋបាលខេត្ត និង សកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាបប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ អានដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយយោងតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និង សមទ្ធិផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និង ធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរទ្វេឡើង ។ ក្នុងរបាយការណ៍នោះដែរ ក៏បានលើកនូវបញ្ហាមួយចំនួនដែលនៅសេសសល់ មិនទាន់បានធ្វើការដោះស្រាយនៅឡើយផងដែរ ។

ក្នុងនោះដែរក៏មានការចូលរួមមតិយោបល់ពីឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ ជាមួយគ្នានេះដែរឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក បានលើក ឡើងនូវចំណោទបញ្ហាមួយចំនួន ដែលមានការពាក់ព័ន្ធ បញ្ហាគ្រឿងញៀន ,សុខភាពសាធារណៈ , បរិស្ថាន អនាម័យ , បញ្ហាដីធ្លី និង ផ្លូវថ្នល់១ខ្សែពីស្រុកអង្គរធំ ទៅស្រុកវ៉ារិនរងការខូចខាត និង បញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និង ឧត្តរមានជ័យ ព្រមទាំងបញ្ហា ការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ។

មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះក្នុងនាមតំណាងសម្តេចពិជ័យសេនា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ។ ឯកឧត្តម ក៏បានលើកបញ្ជាក់ថា គ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និង សមទ្ធិផលរបស់សប្បុរសជនចូលរួម ។ ម៉្យាងវិញទៀត ត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ៕