ឯកឧត្ដម ទិន ពន្លក បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការកសាងសមត្ថភាពលើការគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី«ការកសាងសមត្ថភាពលើការគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា» រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា (Fauna In Focus “FIF”) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសរុបប្រមាណ ៣០នាក់។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្ងៃនេះគឺដើម្បីបន្តពង្រឹងកិច្ចសហការលើផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារប្រយោជន៍ និងគុណតម្លៃនៃធនធានជីវៈចម្រុះ និងមុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តរួមគ្នា លើការងារបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធ អំពីការគ្រប់គ្រង និងអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី តាមវិស័យដូចជា៖
– ការសិក្សាស្វែងយល់អំពីមុខងារ តួនាទី និងដំណើរវិវត្តន៍របស់ធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី
– ការអប់រំបរិស្ថាន និងធម្មជាតិ
– ការផលិត និងផ្សព្វផ្សាយសម្ភារ ឧបករណ៍ និងមធ្យោបាយអប់រំអំពីសត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី និង
– វិស័យដទៃទៀត តាមការចាំបាច់ និងដោយមានការព្រមព្រៀងពីភាគីទាំងពីរ។
អនុស្សារណៈនេះនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារវាងភាគីទាំងពីរនេះតទៅ។