លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយកុមារកំព្រា និងបុគ្គលិកនៃមណ្ឌលទាំង១៣ ជិត ១.០០០នាក់ នៅរាជធានីភ្នំពេញ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់កុមារកំព្រា និងបុគ្គលិកនៃមណ្ឌលគោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត ១.០០០នាក់ ។ ពិធីនោះត្រូវបានប្រារព្ធឡើងនៅមណ្ឌលកុមារកំព្រាសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ឱម វិសាល តំណាងធនាគារ អ៊ឹមធីអ៉ិនអែមភឺរ័របែង រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ និងប្រធានមណ្ឌលទាំង១៣ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយឧបត្ថម្ភ​ទាំងសម្ភារៈ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា ​ទាំងអស់​នៅ​ទូទាំងប្រទេស ។ លោកជំទាវបានបន្តទៀតថា ការពិត​ក្មួយៗ កំព្រាឪ​ពុក ម្តាយ​មែន តែ​ចិត្ត​ក្មួយៗមិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន ​សម្ដេច​ទាំងពីរ អាជ្ញាធរ​គ្រប់ លំដាប់​ថ្នាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានីភ្នំពេញតែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមណ្ឌល បុគ្គលិកនិងម៉ែដោះ ដែលបានជួយថែទាំដល់កុមារកំព្រាទាំងអស់ ហើយក៏សូមអរគុណពីការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេស ធនាគារអ៊ឹមធីអ៉ិនអែមភឺរ័របែង ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផង ក៏ដូចជាថែរក្សានូវអនាគតធនធានមនុស្សរបស់កម្ពុជាផង ។ ជាក់ស្តែងថ្ងៃនេះ ធនាគារ អ៊ឹមធីអ៉ិនអែមភឺរ័របែង ក៏បានផ្តល់ជូននូវ របស់របរប្រើប្រាស់ប្រចាំថ្ងៃដល់មណ្ឌល ទាំង១៣ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មី និងអំបិល ។ ចំណេកឯកុមារម្នាក់ៗទទួលបាន កន្សែងពោះគោ ១ ភួយ ១ សាប៊ូលុច ១កញ្ចប់ ថ្នាំដុសធ្មេញ ១ប្រអប់ ច្រាសដុសធ្មេញ ១ សាប៊ូកក់សក់ ១ដប និងថវិកាមួយចំនួន និងបុគ្គលិកតាមមណ្ឌលក៏បានទទួលថវិការឧបត្ថម្ភផងដែរ។

លោកជំទាវក៏បានសំណូមពរឲ្យឲ្យម៉ែដោះ បន្តយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងជួយថែទាំដល់កុមារកំព្រាទាំងអស់ និងអំពាវនាវដល់ សុប្បុរសជននានា ក៏ដូចជាវិស័យឯកជនបន្ត ជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រាទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសផងដែរ៕