ដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបងសម្រេចការងារបានប្រមាណ ៩៨% ក្នុងឃុំផ្លូវមាស


គិតមកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង ដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំ ស្ថិតក្នុងខេត្តបាត់ដំបង សម្រេចការងារបានប្រមាណ ៩៨% ហើយ ។ គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ គម្រោងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តដោយលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៧.០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី ។ គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕