សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ៩ខែ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីបូកសរុបការងារ៩ខែ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ របស់ក្រសួងការពារជាតិ។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ កិច្ចប្រជុំបានវាយតម្លៃ អំពីការអនុវត្តការងាររបស់ក្រសួងការពារជាតិរយៈពេល៩ខែមកនេះ ដោយទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

លោកអះអាងថា ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីតាមដានត្រត ពិនិត្យគ្រប់គ្រងសភាពការណ៍និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើង ដោយសន្តិវិធី បានទាន់ពេលវេលា ធានាបាននូវប្រក្រតីភាពតាមតំបន់ព្រំដែនល្អប្រសើរ។

រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួន។ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបរិច្ចាគកម្លាំងច្រើនជាងគេ ក្នុងលំដាប់ប្រទេសនាំមុខ៣០/១២២ប្រទេស និងទទួលបានចំណាត់ថ្នាក់ទី២៦ រីឯការបញ្ជូនកម្លាំងយោធិននារី១៧,២% គឺលើសពីផែនការរបស់អង្គការសហប្រជាជាតិដែលបានកំណត់ត្រឹម១៥%។

នាយឧត្តមសេនីយ៍ បានអះអាងថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបន្តរក្សាភាពស្អាតស្អំ និងកេរ្តិ៍ឈ្មោះល្អ ជាប្រទេសមួយក្នុងចំណោម១៤/១២២ប្រទេស ដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ។ ទន្ទឹមនេះយើងបានទទួលការកោតសរសើរ លើជំនាញកម្ទេចនិងដោះបំផ្លាញគ្រឿងផ្ទុះក្នុងបេសកកម្ម MINUSMA ដែលប្រទេសមួយចំនួនមិនចូលរួមដោយសារប្រឈមហានិភ័យការគំរាមកំហែងដោយគ្រោះធម្មជាតិព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទះកែច្នៃ ការវាយប្រហារអត្តឃាតពីក្រមភេរវករ ជំងឺឆ្លងEbola ជំងឺគ្រុនចាញ់។ល ។

រយៈពេល៩ខែមកនេះ កងទ័ពជើងគោកបានសហការ និងធ្វើល្បាតការពារ និងត្រូវបានសហការ និងម្ចាស់ការធ្វើល្បាតការពារ និងត្រតពិនិត្យបង្គោលសីមា ភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់និងបង្ក្រាបប។ ជានៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗបានចំនួន៤.៥៥៩លើក ព្រំដែនកម្ពុជា-ថៃ១.៨៩៣លើក កម្ពុជា-វៀតណាម១.៩២៣លើក កម្ពុជា-ឡាវ ៧៣៣លើក ព្រមទាំងសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៤០ធាតុ។

រយៈពេល៣ត្រីមាសមកនេះ ក្រសួងការពារជាតិបានចាត់ចែងនូវលំហាត់មួយចំនួនដូចជា៖ ១៖ លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន «នាគមាសឆ្នាំ២០១៩» ដែលមានកម្លាំងចូលរួមកងយោធពលខេមរភូមិន្ទចំនួន២.៥៤២នាក់។ ២៖ សិក្ខាសាលាស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជនរយៈពេល៣ឆ្នាំ(២០១៥-២០១៨)។ ៣៖ លំហាត់ហ្វឹកហ្វឺន «មហារំអិល១៩ ក្រោមប្រធានបទ
“ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង”»។ ៤៖ លំហាត់ហ្វឹកហ្វឺនហនុមានមាស២០១៩ ដែលមានកម្លាំងចូលរួមចំនួន១.៥៩៥នាក់ជាដើម។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត៕