សម្ដេចតេជោ ហ៊ុន សែន៖ អ្នកចូលរួមយុទ្ធនាការ «ម្រាមដៃ៩» ជាការចូលរួមទង្វើក្បត់ជាតិ ត្រូវតែមានទោសតាមច្បាប់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា និងកើតចេញពីការបោះឆ្នោតយ៉ាងពិតប្រាក ដរបស់ជនជាតិខ្មែរ បានប្រកាសថា អ្នកទាំងឡាយណាដែលហ៊ាន ឬបាននិងកំពុងចូលរួមធ្វើយុទ្ធនាការ «ម្រាមដៃ៩» ជាមួយទណ្ឌិត សម រង្ស៉ី នៅក្រៅប្រទេស គឺជាការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិ ដែលប្រឈមនឹងទោសទណ្ឌមិនអាចលើកលែងបានឡើយ។

នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង១ពាន់នាក់ របស់សាកលវិទ្យាល័យ ប៊ែលធីអន្ដរជាតិ សម្ដេចតេជោ ហ៊ុន សែន បានចំអកទៀតថា បើអ្នកទាំងអស់នោះពិតជាក្លាហាន ធ្វើយុទ្ធនាការម្រាមដៃ៩ពិតប្រាកដមែននោះ ត្រូវកាត់ម្រាមដៃខ្លួនឯងចោលមួយទៅ ព្រោះថាធម្មជាតិបង្កើតមនុស្សមក ឲ្យមានម្រាមដៃ១០ មិនមែន៩នោះទេ។

នាយករដ្ឋមន្ដ្រីរបស់កម្ពុជា បានអះអាងយ៉ាងច្បាស់ៗទៀតថា សកម្មភាពរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ឈានចូលដល់ការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋ និងប្ដូររបប ដូច្នេះហើយអ្នកក្នុងស្រុកទាំងអស់ កុំព្រហើនឲ្យសោះ បើសិនជាហ៊ានមែន ក៏ត្រូវតែហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាផងដែរ ខណៈអ្នកចូលរួមកន្លងមក ក៏ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដែផ្ដាំអ្នកណាក៏ដោយ ដែលធ្វើយុទ្ធនាការ (ម្រាម៩) នឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌ (ឧបឃាត) ចឹងកុំឲ្យសោះអាយុទ្ធនាការម្រាម៩ បើចង់ធ្វើយុទ្ធនាការម្រាម៩ កាត់ម្រាមដៃមួយក្រវាត់ចោលទៅ អាហ្នឹងបានវាក្លាហាន។ មនុស្សកើតឡើងម្រាម៩ ឯងធ្វើយុទ្ធនាការម្រាម៩។ អ្នកណាចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេស បំផ្លាញសន្ដិភាព នៅថ្ងៃទី០៩ វិច្ឆិកា អ្នកណុងនឹងត្រូវមានទោស ហើយរឿងនេះ ក្រសួងយុត្តិធម៌បានប្រកាសរួចហើយ ស្ថាប័ននានាបានត្រៀមបម្រុងហើយ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ និងកងកម្លាំងប្រដាប់អាវុធ ក៏បាននិងកំពុងប្រតិកម្មជាបន្ដបន្ទាប់ផងដែរ ចំពោះទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថព្រះចេស្ដារព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ លើសពីនេះ ទណ្ឌិតរូបនេះ ក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បោះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យទណ្ឌិត សម រង្ស៉ី វិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដូចដែលខ្លួនប្រកាសក្ដែងៗ បោកប្រាស់មហាជនផងដែរ ដើម្បីងាយស្រួលឲ្យស្ថាប័នមានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារតែម្ដង ព្រោះថាកងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈរួចរាល់ហើយ៕