នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម TRUONG Quang Nghia រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញ ការផ្តល់គាំទ្រ និងកិច្ចប្រតិបត្តិការកំពុងបន្ត ពីសំណាក់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងការរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ដូចជា៖ ការសាងសង់ផ្លូវជាតិលេខ៧៨ ស្ពានជ្រៃធំ-ឡុង ប៊ិញ និងផ្លូវតភ្ជាប់រវាងឱយ៉ាដាវ – ឡេថាញ់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមរដ្ឋមន្ត្រី QUANG Gghia បានកំណត់សម្គាល់ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹង ការសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដឹកជញ្ជូន ឆ្នាំ២០១៦-២០២៥ និងចក្ខុវិស័យឆ្នាំ២០៣០។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន ខាងភាគីវៀតណាមថា៖ សេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់សម្រាប់ កិច្ចសហប្រតិបត្តិការ ដែលបានលើកឡើង នេះនឹងត្រូវរៀបចំរួចរាល់ ដោយមានការពិគ្រោះយោបល់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការបើកច្រកទ្វារឆ្លងកាត់ ព្រំដែននឹងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ គោលដៅពាណិជ្ជកម្ម ដែលមានទំហំរហូតដល់ប្រាំពាន់លានដុល្លារ និងចំនួនភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តម QUANG Nghia បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់។ ឯកឧត្តមបានកត់សម្គាល់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្តីពីការបង្កើតនិងការធ្វើឱ្យប្រសើរឡើង ច្រកទ្វារឆ្លងកាត់ព្រំដែន ការសិក្សាលទ្ធភាពសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ និងក្រុមការងារស្តីពីផ្លូវទឹកនិងការដឹកជញ្ជូនតាមសមុទ្រ ដើម្បីពង្រីកផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីពិភាក្សាបន្ថែមទៀតអំពីផ្លូវទឹក និងការអភិវឌ្ឍការដឹកជញ្ជូនតាមសមុទ្រ និងបានស្វែងរកការគាំទ្រពីភាគីវៀតណាមផងដែរ ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកសិង្ហបុរី-គុនមីញ ដើម្បីបញ្ចប់ការតភ្ជាប់ពីឡុកនិញទៅហូជីមិញ។
ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ រវាងក្រសួងទាំងពីរស្តីអំពីបញ្ហា ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។