ឯកឧត្តម សុខ ឥសាន បានចំអកទៅកាន់ ទណ្ឌិត សម រង្ស៊ី ថា គ្មានកម្លាំងទ័ពអ្វីទាំងអស់ក្នុងដៃ កោតតែដេកស្រមៃ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ទៅកើត


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចំអកទៅកាន់ ទណ្ឌិត សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងគេចខ្លួន ពីសំណាញ់ច្បាប់ ទៅក្រៅប្រទេសថា គ្មានកម្លាំងទ័ពអ្វីទាំងអស់ក្នុងដៃ កោតតែដេកស្រមៃ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ទៅកើត។

ការចំអករបស់ អ្នកនាំពាក្យ បក្សកាន់អំណាចបែបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស គេចពីសំណាញ់ច្បាប់ បានបន្តអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធ ឲ្យបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីការបោះឆ្នោត។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញ សង្គមតេឡេក្រាម ស្ដីពី ពីនេះពីនោះពាក់ព័ន្ធនឹងកម្ពុជា ( ១៩០ )នៅថ្ងៃទី៣ តុលានេះ ត្រង់ចំណុចទី២ថា” អត់មានកម្លាំងស្អីទាំងអស់ កោតតែនឹកស្រមៃ ផ្តួលរំលំរាជរដ្ឋាភិបាលទៅកើត ? អានេះចិត្តធំមែន”។

បន្ថែមពីនេះ ឯកឧត្តម សុខ ឥសាន ឲ្យដឹងថា ទិសដៅរបស់ក្រុមឧទ្ទាមក្រៅច្បាប់ គឺផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសេរីពហុបក្ស ដាក់ជំនួសដោយ របបសាធារណរដ្ឋនិយម៕