ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សង្ឃឹមថា លោក សម រង្ស៉ី នឹងមិនចាត់ទុកការបកស្រាយរបស់ អ្នកនាំពាក្យស្ថានទូតអាមេរិក «ក្លែងក្លាយ ឬការទូត» ទៀតទេ


ភ្លាមៗបន្ទាប់ពីមានការបំភ្លឺរបស់ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សារបស់សហរដ្ឋអាមេរិកនោះ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា លោក សម រង្ស៉ី នឹងមិនចាត់ទុកការបកស្រាយនោះថា ជាការបកស្រាយក្លែងក្លាយ ឬការទូតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរលើ Facebook ផ្លូវការរបស់ លោក យ៉ាងដូច្នេះថា៖ «ការបំភ្លឺរបស់ អ្នកស្រី Emily V. Zeerberg អ្នកនាំពាក្យស្ថានទូតអាមេរិក ទាក់ទងនឹងលក្ខខណ្ឌនៃការផ្តល់សញ្ញាបត្រឱ្យនិស្សិតទាំងអស់ដែលបញ្ចប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ដែលមិនប្រកាន់ប្រទេសកំណើត ពោលគឺគ្មានការរើសអើងរវាងនិស្សិតអាមេរិក និងនិស្សិតបរទេសទេ»

ឯកឧត្តមបានបន្តថា៖ «ខ្ញុំសង្ឃឹមថា លោកនឹងឱ្យតម្លៃដល់ការបំភ្លឺ របស់អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក ដែលចេញការពារតម្លៃនៃប្រព័ន្ធអប់រំសហរដ្ឋអាមេរិក ជាពិសេសគ្រឹះស្ថានថ្នាក់ឧត្តមសិក្សាល្បីៗរបស់អាមេរិក ហើយសង្ឃឹមថា លោក សម រង្ស៊ី នឹងមិនចាត់ទុកការបកស្រាយរបស់អ្នកនាំពាក្យស្ថានទូតអាមេរិក ជាការបកស្រាយក្លែងក្លាយ ឬជាការបកស្រាយការទូត នោះទេ :)»

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី Emily V. Zeeberg នៅថ្ងៃនេះ បានចេញមុខការពារដល់ គុណភាពនៃសញ្ញាបត្រថ្នាក់ឧត្តមសិក្សាទាំងអស់ ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សានានា នៅសហរដ្ឋអាមេរិក។​

អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់តាម Email ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។

អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។

លោកស្រី បានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាផ្នែកយោធា ពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៩ ហើយទទួលបានសញ្ញាបត្រសាលាល្បីនេះ ត្រឡប់មកកាន់ប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី អតីតមេដឹកនាំក្រុមប្រឆាំង ដែលបានក្លាយជាមេចលនាឧទ្ទាមបានវាយប្រហារដល់សញ្ញាបត្រពី សាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ដោយអះអាងថា ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។

ការរិះគន់នេះ បានបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអតីតនិស្សិត សាលាបណ្ឌិតសភាយោធា West Point ដទៃទៀត។ ក្រៅពីនោះ និស្សិតខ្មែរ ដែលសិក្សានៅសាលាយោធា នៅប្រទេសផ្សេងៗទៀត ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោស លោក សម រង្ស៉ីដែរ។

ក្រោយមានការរិះគន់នេះ ឯកឧត្តមហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៉ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

ប៉ុន្តែទោះជាយ៉ាង នេះក្តី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីការពារសម្តីដែលលោកបានវាយប្រហារលើសញ្ញាបត្រយោធា រប់ស លោក ហ៊ុន ម៉ាណែត ឡើយ៕