ព្រឹកថ្ងៃព្រហស្បតិ៍ ៥កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប បានបេីកមហាសន្និបាតអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ ចៅសង្កាត់ ព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវីល និងប្រតិភូអមដំណេីរប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលការរៀបចំមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាបនេះមានរយះពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០១៩។
មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាបនាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ-សង្កាត់ នៅក្នុងខេត្តសៀមរាបរបស់យើង ក្នុងការបន្តនូវចីរភាពដល់អង្គការមួយ ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហេីយក៏ជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបាន ក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងសមាជិក ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់នៅក្នុងខេត្តសៀមរាប បន្ទាប់ពីត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី២ បង្កើតសមាគម កាលពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ។
ជាមួយគ្នានេះដែរ មហាសន្និបាតអាណត្តិទី៣ រៀបចំឡើងក្នុងគោលបំណងសំខាន់ គឺពិនិត្យកែសម្រួល និងអនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគមសម្រាប់អាណត្តិទី៣ មានជាអាទិ៍ ប្រធាន-អនុប្រធាន សមាជិកក្រុមប្រឹក្សា និងសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម។ អ្វីដែលសំខាន់ទៀតនោះ នៅពេលបញ្ចប់មហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំសមាគមក្រុមប្រឹក្សាលើកទី១ របស់សមាគមអាណត្តិទី៤៕