មហាសន្និបាតអាណត្តិទី៣​ សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្តសៀមរាប


ព្រឹកថ្ងៃព្រហស្បតិ៍​ ៥កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៩​ នៅរដ្ឋបាលខេត្តសៀមរាប​ សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្តសៀមរាប បានបេីកមហាសន្និបាតអាណត្តិទី៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៉ឹង​ ហឿន​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ សយ​ កុសល​ ប្រធានសម្ព័ន្ធភាព​ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ និងលោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពីលោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​ អង្គភាព​ លោក​ លោកស្រី​ ប្រធានក្រុមប្រឹក្សាក្រុង​ ស្រុក​ និងឃុំ​ ចៅសង្កាត់​ ព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវីល​ និងប្រតិភូអមដំណេីរប្រធានសម្ព័ន្ធភាព​ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ដែលការរៀបចំមហាសន្និបាតអាណត្តិទី៣​ សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្តសៀមរាប​នេះមានរយះពេល​ ០២ថ្ងៃ​ ចាប់ពីថ្ងៃទី០៣-០៤​ ខែតុលា​ ឆ្នាំ២០១៩។

មហាសន្និបាតអាណត្តិទី៣ របស់​​សមាគម​​ក្រុម​ប្រឹក្សា​​ក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប​​នាឱកា​ស​នេះ​ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់លោក លោកស្រី សមាជិក​​​ សមាជិកាក្រុម​​ប្រឹក្សា​ក្រុ​ង​ ស្រុក ឃុំ-សង្កាត់ នៅក្នុងខេត្តសៀមរាបរបស់យើង ក្នុងការបន្តនូវ​ចីរភាពដល់​​អង្គការ​​មួយ ​​ដែល​ជាតំណាង​សម្លេង និង​ការពារ​ផល​ប្រយោជន៍​រួម ក្នុងការលើក​កម្ពស់​គុណភាព ​នៃ​ជីវភាពរស់នៅ និង​​សុខុមាល​ភាព​របស់​ប្រជា​​ពលរដ្ឋ តាម​រយៈ​​អភិបាលកិច្ច​តាមបែប​វិមជ្ឈការ និង​វិសហ​​​មជ្ឈការ​ និងដើម្បីអភិវឌ្ឍ​សមត្ថភា​ព​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជា​​ពល​រដ្ឋ​​នៅមូលដ្ឋាន​ ហេីយក៏ជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផល​ដែល​ខ្លួន​សម្រេច​បាន ក្នុងការលើកកម្ពស់សមត្ថភាព និង​ការពារ​ផល​ប្រយោជន៍ស្របច្បាប់ របស់​ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងសមាជិក ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់​នៅ​ក្នុង​ខេត្តសៀមរាប បន្ទាប់ពីត្រូវ​បានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី២ បង្កើត​សមាគម កាលពីថ្ងៃទី២១-២២ ខែ​មេសា ឆ្នាំ២០១៤កន្លងទៅនេះ។​​

ជាមួយគ្នានេះដែរ មហាសន្និបាតអាណត្តិទី៣ រៀបចំឡើងក្នុងគោល​បំណង​សំខាន់ គឺពិនិត្យកែ​សម្រួ​​ល និង​​អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់​សមាគម និង​ដំណើរ​ការ​បោះ​ឆ្នោតជ្រើសរើសអង្គ​អភិបា​ល​កិច្ច​របស់សមាគមសម្រាប់​អាណត្តិទី៣ មានជាអាទិ៍ ប្រធាន-អនុប្រធាន សមាជិក​​ក្រុម​ប្រឹក្សា និង​សមាជិក​គណៈកម្មា​ធិការ​ប្រតិបត្តិសមាគម​។ អ្វីដែលសំខាន់ទៀតនោះ នៅ​ពេលបញ្ចប់មហាសន្និបាតនេះ ក៏នឹងមាន​កិច្ច​ប្រជុំ​សមាគម​ក្រុម​ប្រឹក្សា​លើក​ទី១ របស់សមាគមអាណត្តិទី៤៕