ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង នាំប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម និងសប្បុរសជនជាង៣០០នាក់ ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និងឡាវ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម និងសប្បុរសជនជាង៣០០នាក់ ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានសំដែងនូវក្តីមោទនភាពរំភើបរីរាយក្រៃលែង ដែលបានមកជួបសំណេះសំណាល សួរសុខទុក្ខ ពិសេសបានមកជួបមុខ ចាប់ដៃដោយផ្ទាល់ ជាមួយនាយទាហាន នាយទាហានរង និងពលទាហានយើងនៅពេនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការអភ័យទោសចំពោះនាយ និងពលទាហានចំណុះកងពធំអន្តរាគមន៍លេខ៣ ដែលរយៈពេល១ឆ្នាំបានជួបមុខគ្នាតែម្តង ប៉ុន្តែចិត្តគំនិតគិតគូរជានិច្ច ទោះបុណ្យភ្ជុំបិណ្ឌមិនបានជួបគ្នាក៏ពិតមែន ប៉ុន្តែបុណ្យចូឆ្នាំថ្មីនេះត្រូវតែមកជួបគ្នា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា «ទឹកដីព្រំដែននេះពោពេញទៅដោយគំនិតបញ្ញា ទឹកចិត្ត បេះដូង ជំនួយទាំងស្មារតីនិងសម្ភារដ៏ថ្លៃថ្លាហើយមានអត្ថន័យជាគ្រឹះជាសរសរស្តុមការពារជាតិរបស់កងពលលេខ៣ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ព្រមទាំងឥស្សរជនជាច្រើនរូបទៀត ដែលតែងតែចុះជាប់ជាមួយកងទ័ពយើង ដែលទាំងអសនេះហើយជាសកម្មភាពគំរូសម្រាប់យើងខ្ញុំជាសមូរភូមិក្រោយរៀនសូត្រអនុវត្តន៍តាម»។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា តួនាទីដ៍សំខាន់របស់កងពលធំអន្តរាគមន៍លេខ៣ តាំងពីមុនដំបូងរហូតមកដល់ថ្ងៃនេះកាន់តែសំខាន់ឡើងៗ យើងគិតថាដោយសារគ្រឹះរឹងមាំ ដោយសារសរសរស្តុមនៅទីនេះកំពុងតែចេញរូបរាងទៅជាប្រាសាទ ការពារជាតិរឹងមាំឡើងៗ «ប្រាសាទអង្គរវត្តយើងរឹងមាំយ៉ាងដូចម្តេច ការលះបង់ ពលីកម្ម របស់កងពលធំអន្តរាគមន៍លេខ៣ រវាងភាពរឹងមាំដូចគ្នាផងដែរ»។

ឯកឧត្តមទេសរដ្ឋរមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះទៀតថា ក្រោមម្លប់សន្តិភាព កងពលលេខ៣ មិនដែលធ្វេសប្រហែស មិនដែលសន្តិភាពនិយម មិនដែលបោះបង់ពេលវេលាចោលដោយឥតប្រយោជន៍នោះទេ ផ្ទុយទៅវិញបានធ្វើកិច្ចការសព្វបែបយ៉ាងដែលជាគ្រឹះ ដ៏រឹងមាំសម្រាប់ការពារជាតិ ការពារទឹកដី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថែមទាំងនិយាយថា៖ «កងពលធំអន្តរាគមន៍លេខ៣ កំពុងតែបានអនុវត្តន៍តួនាទីមួយដ៏សំខាន់ គឺបង្ខំឱ្យអ្នកជិតខាងយើងធ្វើជាបងប្អូន» បើធ្វើលើសពីបងប្អូនគឺមិនបានដាច់ខាត នេះជាកាតព្វកិច្ចការពារបូរណភាពទឹដី ការពារអធិបតេយ្យជាតិ។

នៅក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន២៥០០០លីត្រ ថវិកាចំនួន៥០០០០ដុល្លារ ដល់ទីបញ្ជាការកងពល ជូនថវិកាដល់នាយ និងពលទាហានក្នុងឱកាសឆ្នាំថ្មី អំបិល១០តោន ទឹកស៊ីវអ៊ីវ២០០យួរ ទឹកត្រី២០០យួរ អង្ករ១តោន និងសម្ភារមួយចំនួនទៀត៕