អភិបាលរងខេត្តកណ្ដាល៖ មនុស្សចាស់ ក៏ជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានរីកចម្រើន


(កណ្ដាល)៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា មនុស្សចាស់ ក៏ជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានរីកចម្រើន។

ការលើកឡើងបែបនេះ គ្រាដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «គាំទ្រសុខមាលភាពមនុស្សចាស់ គឺជាកតកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធ គាំពារសុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិកម្ពុជា» ដែលបានប្រារព្ធឡើងនៅ ក្នុងបរិវេនសាលាស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់ក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ លោកយាយ លោកតា និងជនរួមជាតិទាំងអស់ ហើយថ្នាក់ដឹកនាំមិនចង់ឲ្យប្រជាពលរដ្ឋ របស់ខ្លួនណាម្នាក់ជួបភាពអត់ឃ្លាននោះឡើយ ។

បន្ទាប់ពីសំណេះសំណាល លោក នូវប៉េង ច័ន្ទតារា បានចែកជូនលោកយាយ-លោកតា ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានអង្គរ២៥គីឡូ មីយើង១កេស ទឹកត្រីមួយយួរ និងថវិកា ៥០,០០០រៀលផងដែរ៕