កិច្ចប្រជុំពិភាក្សា សំណើរសុំអនុញ្ញាតធ្វើអាជីវកម្មប្រមូលកាកសំណល់សំណង់ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ


លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសំណើរសុំអនុញ្ញាតធ្វើអាជីវកម្មប្រមូលកាកសំណល់សំណង់ក្នុងខេត្តក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកអភិបាលក្រុង មន្ទីរបរិស្ថាន មន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរសាធារណការ និងការិយា ល័យពាក់ព័ន្ធក្នុងខេត្ត ។
ដោយសារបច្ចុប្បន្ន នៅក្នុងក្រុងព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសការកើនឡើងយ៉ាងគំហុកលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អគារធំៗ ដែលបណ្តាលឱ្យមានជាគំនរសំរាម គំនរសំណល់សំណង់ ហើយការដ្ឋានមួយចំនួន បានយកទីតាំងចិញ្ចេីមផ្លូវសាធារណ:នានា ក៏ដូចជាដីឯក ជន ណាដែលទំនេរដោយពុំមានការអនុញ្ញាតពីម្ចាស់ដី ធ្វើជាកន្លែងទុកកាកសំណល់ទាំងនេះយ៉ាងអនាធិបតេយ្យ ជាហេតុធ្វើឱ្យខូចសោភ័ណភាព បរិស្ថាន និងអនាម័យ ក្នុងក្រុងព្រះសីហនុ ។
លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីសោភ័ណភាព បរិស្ថាន រដ្ឋបាលខេត្តទទួលយកសំណើរស្នើរសុំធ្វើអាជីវកម្មប្រមូលកាកសំណល់សំណង់ចេញពីការដ្ឋាននានាក្នុងក្រុងព្រះសីហនុ ប៉ុន្តែត្រូវមានសក្តានុពល មានសមត្ថភាពក្នុងការប្រមូលកាកសំណល់សំណង់ចេញពីការដ្ឋានសំណង់នានាចេញពីក្នុងក្រុងព្រះសីហនុ និងសុំសេចក្តីសម្រេចពីអភិបាលខេត្តព្រះសីហនុ ៕