ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី


ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី។

ក្រុមគណៈប្រតិភូនេះរួមមានសមាសភាពពីក្រុមហ៊ុនធុរកិច្ចសិង្ហបុរីចំនួន១៩ក្រុមហ៊ុន ដែលដឹកនាំដោយ លោក Mike Lee អនុប្រធានទទួលបន្ទុកការងារអាស៊ាន នៃក្រុមហ៊ុន Global Business Division និងមានការចូលរួមអមដំណើរពីក្រុមមន្ត្រីស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីគោលការណ៍អាទិភាព នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅកម្ពុជា ដើម្បី បម្រើដល់វិស័យដឹកជញ្ជូន ការពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវថ្នល់ពី២គន្លងទៅ៤គន្លង និងពីផ្លូវ DBST ទៅផ្លូវកៅស៊ូបេតុង (AC) គម្រោងកំពុងដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសជិតខាង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកដៃគូ អភិវឌ្ឍផ្លូវដែកពីភ្នំពេញ ទៅវៀតណាម ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ កាន់តែមានភាពងាយស្រួល និងលឿនជាងមុន ក្នុងនោះរួមមាន៖
ការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ការប្រើប្រាស់ QR Code លើផ្លាកលេខយានយន្ត បណ្ណសម្គាល់យានយន្ត និងលើបណ្ណបើកបរ ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យ ប្រជាពលរដ្ឋថតរូបភាពផ្លូវខូច ផ្ញើទៅកាន់ក្រុមការងារជួសជុល ដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវផងដែរថា៖ រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និង Monorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ។

លោក Mike Lee បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងការពិចារណាលើឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់វិនិយោគលើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនសិង្ហបុរី ដទៃទៀតដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ៕