ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងនាំមកនូវភាពក្សេមក្សាន្ត សុខដុមរមនាសម្រាប់ប្រជាពលរដ្ឋ។

ការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីសំណាក់ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានធ្វើឡើងក្នុងពេលព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យអនុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន ចូលក្រាបង្គំគាល់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្មពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការជួយសង្គ្រោះយ៉ាងទាន់ពេលវេលាពេលប្រជារាស្ត្ររងគ្រោះដោយសារទឹកជំនន់ និងបានជួយទំនុកបម្រុងស្បៀងអាហារ ការថែទាំសុខភាពជូនដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់តាមខេត្តមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយពីការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានទូលថ្វាយផងដែរ ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន និងអាកាសយានដ្ឋាន។

សម្តេចតេជោ ក៏បានទូលថ្វាយពីការប្រឹងប្រែងក្នុងការពង្រឹងសេដ្ឋកិច្ចជាតិឱ្យបានកំណើនខ្ពស់ថែមទៀត ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងព្រះរាជហឫទ័យរំភើបក្រៃលែង និងកោតសរសើរដោយស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ក្នុងការដឹកនាំការពារមាតុភូមិកម្ពុជា បានស្ថិតនៅក្នុងសេចក្តីសុខសន្តិភាព ការឯកភាពជាតិ និងការរីកចម្រើនជឿនលឿនលើគ្រប់វិស័យជាបន្តបន្ទាប់។

ព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្អង់ខ្ពស់បំផុតមានព្រះរាជអង្ការកោតសរសើរជាខ្លាំងថែមទៀត ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និងបានបន្តការខិតខំប្រឹងប្រែងលើការស្ថាបនាសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម និងការជំរុញឱ្យវិស័យសេដ្ឋកិច្ចជាតិកាន់តែទទួលបាននូវកំណើនខ្ពស់ ដើម្បីនាំមកនូវការអភិវឌ្ឍប្រទេសជាតិ​ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកម្ពុជា មានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕