(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្ត នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បាននាំយកគ្រប់ពូជស្រូវសែនក្រអូបចំនួន៥២៤បេ ទៅចែកជូនប្រជាកសិករ ចំនួន៥១៤គ្រួសារ នៅសាលាក្រុងក្រចេះ ក្រោយពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលមកពីសង្កាត់ចំនួន៤រួមមាន៖ សង្កាត់រកាកណ្តាល សង្កាត់អូរឬស្សី សង្កាត់កោះទ្រង់ និងក្រគរ។
តាមរបាយការណ៍របស់រដ្ឋបាលក្រុងក្រចេះ សម្រាប់ក្រុងក្រចេះទាំងមូលនេះ គ្រួសារដែលទទួលរងប៉ះពាល់គ្រោះទឹកជំនន់កន្លងទៅនេះ មាន២,៣៦៨គ្រួសារ ក្នុងនោះលិចដល់រនាប ២០១គ្រួសារ និងបានជម្លៀស ៣៧៩គ្រួសារ, សត្វគោក្របី៦១៦ក្បាល, លិចផ្លូវកៅស៊ូប្រវែង២៦០ម៉ែត្រ, ផ្លូវបេតុង៦,០០០ម៉ែត្រ, ផ្លូវលំ២៣,៥៤៨ម៉ែត្រ, លិចស្ពាន៦កន្លែង, ប្រឡាយ៨,០៥០ម៉ែត្រ, ទំនប់៦,០៦១ម៉ែត្រ, លិចសាលារៀន៦កន្លែង, វត្ត៤ និងលិចសាលាសង្កាត់១កន្លែង, លិចស្រូវចំនួន៣២៦ហិកតា ក្នុងនោះស្រូវពង្រោះ២៧៩ហិកតា ដំណាំរួមផ្សំ១១៥ហិកតា។
ក្នុងពិធីចែកស្រូវពូជនាពេលនោះ លោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ក៏បានប្រាប់ទៅបងប្អូនប្រជាកសិករ អំពីបច្ចេកទេស នៃការដាំដុះដំណាំស្រូវ ទទួលបានទិន្នផលខ្ពស់ និងជំរុញឲ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដកស្ទួង ឲ្យបានទាន់រដូវកាលទឹកស្រក។
លោក ប៉ែន លីណាត អភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីស្ថានភាព និងលទ្ធភាពរបស់បងប្អូនប្រជាកសិករ ដែលបានទទួលរងគ្រោះពីទឹកជំនន់ តែបងប្អូនមានផ្ទៃដីសម្ភារ និងប្រភពទឹក សម្រាប់ធ្វើកសិកម្ម តែបងប្អូនខ្វៈនូវពូជសម្រាប់ដាំដុះ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ។ សម្រាប់ស្រូវពូជផ្តល់ពេលនេះ មិនអាចមកទៅកិនហូបបានទេ វានិងខ្ទិចផុយ តែទិន្នផលតម្លៃទីផ្សារ មានតម្លៃគួរសម្យ ចន្លោះពី២,៥០០ ទៅ៣,០០០រៀល ក្នុង១គីឡូក្រាម ។
លោកអភិបាលរង ក៏បានក្រើនរំលឹកឲ្យប្រជាកសិករ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយមិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬស្មៅបោកងាប់នោះទេត្រូវ ហើយក្រៅពីការធ្វើស្រែ ចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ៕