លោកជំទាវបណ្ឌិតតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែតុលា ជូនលោកយាយ លោកតាចំនួន ៩១ នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល


នៅព្រឹក ថ្ងៃអាទិត្យ ៨ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែតុលា ជូនលោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់) ដោយពិធីនេះរៀបនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង តាមរយៈក្រុមការងារចុះពង្រឹងមូលដ្ឋាន និងតំណាងរាស្ត្រគ្រប់មណ្ឌលទូទាំងប្រទេស។

គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ និងសាសនា ឡើយ។