តោះ! យើងនាំគ្នាសម្អាតផ្ទះយើង ជួយថែរក្សាភពផែនដី


(ភ្នំពេញ)៖ «តោះ! យើងនាំគ្នាសម្អាតផ្ទះយើង ជួយថែរក្សាភពផែនដី ដោយនិយាយថាទេចំពោះផលិតផលប្លាស្ទិកប្រើប្រាស់បានតែមួយដង ឬអនុវត្តគោលការណ៍ 3R គឺកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិក ការប្រើប្រាស់ឡើងវិញ និងការកែច្នៃប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ ចូលរួមនៅក្នុងកម្មវិធីបញ្ចប់យុទ្ធនាការសប្តាហ៍បៃតង របស់សហភាពអឺរ៉ុបជាមួយនឹងការរៀបចំសកម្មភាព បោសសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈនៅ ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វារ។ យុទ្ធនាការសម្អាតទីសាធារណៈនេះគឺ ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានិងក្រុមការងារអេកូយុវទូតដើម្បីអបអរសាទរសបា្តហ៍បៃតងរបស់សហភាពអឺរ៉ុបក្នុងគោលបំណងជំរុញពន្លឿនការអនុវត្តវិធានការទូទាំងពិភពលោកដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ កម្មវិធីសម្អាតទីសា ធារណៈនេះមានការចូលរួមពីសាធារណជនជាតិនិងអន្តរជាតិប្រមាណ ៥០០នាក់ក្នុងនោះក៏មានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន។

លោក ហ្វ្រង់ វីអូល (Frank Viault) ភារៈធារីស្តីទីនៃសហភាពអឺរ៉ុនប្រចាំកម្ពុជាបានថ្លែងថា៖« ការបំពុល ដោយប្លាស្ទិកគឺជបញ្ហាដ៏ចម្បងមួយក្នុងចំណោមបញ្ហា បរិស្ថានធំៗជាច្រើនទៀតដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំងអស់ដែលបានប្រើប្រាស់ មានពាក់កណ្តាលដែលជាប្លាស្ទិកប្រើប្រាស់តែម្តងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះរហូតដល់ ៩០% ត្រូវបានគេចោលទៅក្នុងទន្លេ និងសមុទ្ររបស់យើង។ សភាពអឺរ៉ុបលើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃមួយមុខ មិនគ្រប់គ្រាន់ នោះឡើយ។ តាងនាមឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងរដ្ឋជាសមាជិករបស់យើង ខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថា ទេ ចំពោះផលិតផល ប្លាស្ទិកដឡប្រើប្រាស់បានតែមួយដង»។

យោងតាមរបាយការណ៍ក្រសួងបរិស្ថាន បរិមាណសំរាម សំណល់ទីប្រជុំជនដែលកម្ពុជាបានបង្កើតឡើងក្នុងមួយថ្ងៃមានចំនួនជាង ១ម៉ឺនតោនដែលពលរដ្ឋរសនៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។ សរុប មួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០%នៃ សំណល់សំរាមនេះគឺជាសំណល់ថង់ប្លាស្ទិក។ បរិមាណសំណល់ប្រមាណ ៥៦,៩% នៃសំណល់សរុបប៉ុណ្ណោះដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាម និងប្រហែល ២០%ប៉ុណ្ណោះដែលត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃនិងសំណល់សំរាមជាង ២០% ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា សព្វថ្ងៃសេដ្ឋកិច្ចកម្ពុជាយើងកំពុងរីកលូតលាស់ សង្គមយើងកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួលដូចជាផលិតផលប្លាស្ទិកដែលប្រើតែម្តងហើយ យើងបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៤០ ទៅ ៥២ ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ យោងតាម របាយការណ៍ បរិមាណសំរាមនៅកម្ពុជាមានកំណើនប្រមាណ ១០%ក្នុងមួយឆ្នាំ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបងប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពីផលប៉ះពាល់នៃថង់ប្លាស្ទិកដោយថ្លែងថា ហេតុផលដែលថាថង់ប្លាស្ទិកស្តើងត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹង ពុកផុយ ឬរលួយបានដោយងាយទេ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសំណល់ប្លាស្ទិក ដោយថ្លែងថា ដោយពិនិត្យឃើញបញ្ហាចំពោះមុខ និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភ័ណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាព។ ក្នុងអនុក្រឹត្យនោះក៏បានកំណត់ពីវិធានការគិតកម្រៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បាគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដោយអំពាវនាវដល់ពលរដ្ឋទាំងអស់សូមបន្តយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន សូមចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវលាទាំងអស់។

ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យពលរដ្ឋអនុវត្តគោលការណ៍ 3R និងអនុវត្តឱ្យមានប្រសិទ្ធភាបអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលលើការគ្រប់គ្រងថង់ប្លាស្ទិកដោយបានស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ឬ បញ្ចូលទំនិញក្នុងថង់តែមួយ «ថង់បរិស្ថាន»។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនឹងទទួលបានការលើកទឹកចិត្តផងដែរ។ បងប្អូនប្រជាពលរដ្ឋត្រូវដឹងថាការប្រើប្រាស់ថង់ប្លាស្ទិកច្រើនពេកដូចចោលសំរាមថង់ ប្លាស្ទិកនេះនៅតាមដងផ្លូវ និងក្នុងទឹកស្ទឹងទន្លេ។ កាត់ បន្ថយថង់ប្លាស្ទិកដោយបញ្ចូលទំនិញក្នុងថង់តែមួយ។ ប្លាស្ទិកមិនល្អទេសម្រាប់សុខភាពរបស់យើង សម្រាប់បរិស្ថាន និងសម្រាប់វិស័យទេសចរណ៍។ ពេលដែលថង់ប្លាស្ទិករលាយសារធាតុគីមី គឺសារធាតុមួយចំនួនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិយាកាស។ ពេលប្លាស្ទិកកប់ក្នុងដី យូរឆ្នាំទៅវានឹងរលាយសាធាតុបន្តិចម្តងៗ ហើយសារធាតុគីមីមួយចំនួននឹងសាយភាយប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនិងសត្វ។ ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយ បោះចោល គឺប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់។ រួ មគ្នាកាត់បន្ថយប្លាស្ទិក ព្រោះសំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ីនិងការអភិវឌ្ឍមនុស្ស ទូទាំងពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។

អ្នកចូលរួមនៅក្នុងកម្មវិធីសម្អាតទីសាធារណៈបានចូលរួមរើសសំណល់សំរាម សំណល់ប្លាស្ទិកបានជាច្រើនតោន។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖«ការដើររើសសំរាមនៅពេលនេះ គឺជានិមិត្តរូបនៃការរួមគ្នាសម្អាតអនាម័យបរិស្ថានហើយយើងចង់ឱ្យបរិស្ថាននៅជុំវិញខ្លួនយើងស្អាតជារៀងរហូត មិនមែនស្អាតតែមួយពេលនេះឡើយ។ ដូច្នេះចាំបាច់ត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋានទាមងអស់ ហើយអ្នកដែលធ្លាប់ តែមានទម្លាប់បោះសំរាមចោលផ្តេសផ្តាស សូមកែប្រែឥរិយាបថនិងចូលរួមសម្អាតផ្ទះយើង សម្អាតសហគមន៍យើងទាំងអស់គ្នាប្រកបដោយការទតួលខុសត្រូវខ្ពស់»៕