បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន៖ “ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល លុះ​ត្រា​តែ​មាន​​ការ​អប់រំ​បែប​ឌីជីថល


រាជធានី​ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​​នៃ​ការ​ធ្វើ​បាឋកថា​សាធារណៈ ក្រោម​ប្រធាន​ប្រធាន “អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ កម្ពុជា​ឧស្សាហកម្ម ៤.០” ​ដែល​បទ​បាឋកថា​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​​ផ្ដល់​វេទិកា​អ្នក​ជំនាញ អ្នក​ស្រាវជ្រាវ សហគ្រិន ដើម្បី​ពិភាក្សា ធ្វើ​ការ​វិភាគ ដើម្បី​បង្កើត​គោលនយោបាយ បង្កើន​ការ​យល់​ដឹង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​​កម្ពុជា អំពី​ទិដ្ឋភាព​ជា​រួម និង​បញ្ហា​ប្រឈម​នានា អំពីឧស្សាហកម្ម៤.០ ព្រមទាំង​ត្រៀម​ខ្លួន ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល។ ​

ម្យ៉ាង​វិញ​ទៀត កម្មវិធី​នេះ​ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង ចែក​រំលែក​ចំណេះដឹង បទ​ពិសោធន៍ ទស្សនវិស័យ ក៏​ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ឌីជីថល​នៅ​កម្ពុជា។ ឯកឧត្ដម​រដ្ឋមន្ត្រី​​បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រព័ន្ធ​អប់រំ​រឹងមាំ ឈរ​លើ​មូលដ្ឋាន​សសរស្ដម្ភ​៤ ក្នុង​នោះ​រួម​មាន៖
១. ការឆ្លើយតបយុគសម័យបច្ចេកវិទ្យា
២. កំណែទម្រង់សាលារៀន
៣. កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
៤. សាលារៀនជំនាន់ថ្មី

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ថា “យុវជន​ត្រូវ​ចេះ​ទាំង​បច្ចេកវិទ្យា ចេះ​ដោះស្រាយ​បញ្ហា មាន​ភាព​ជា​អ្នក​ដឹកនាំ និង​មាន​ជំនាញ​ទន់” សំដៅ​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ត្រូវ​យល់​ដឹង ត្រៀម​ខ្លួន ធ្វើ​យ៉ាង​ណា​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល៕

០៨ តុលា ២០១៩ | សាលពហុបំណងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)