ក្រសួង​អប់រំ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ការ​លើក​កម្ពស់​សុខភាព​តាម​សាលារៀន ដើម្បី​បង្កើត​​មូលធន​មនុស្ស​ប្រកប​ដោយ​គុណភាព​


រាជធានី​ភ្នំពេញ៖ ដើម្បី​ចូល​រួម​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា ​និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ ព្រម​ទាំង​ធ្វើ​ឱ្យ​ការ​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​តាម​សាលារៀន មាន​ភាព​គ្រប់ជ្រុងជ្រោយ ក្នុង​គោលដៅ​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ជំងឺ​ឆ្លង ជំងឺ​មិន​ឆ្លង និង​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អ្នក​សិក្សា ​និង​បុគ្គលិក​អប់រំ ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូល​រួម​ពង្រឹង​គុណភាព​អប់រំ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​កិត្យានុភាព ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្តួចផ្តើម​បង្កើត “ក្រុមការងារ​បច្ចេកទេស​លើក​កម្ពស់​សុខភាព​តាម​សាលារៀន” ។

កិច្ច​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​កម្ពស់​សុខភាព​តាម​សាលារៀន ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង ​ក្រោម​ការ​ដឹកនាំ​ដោយ​ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ លោក​ជំទាវ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វត្តមាន​នៃ​ការ​អញ្ជើញ​ចូលរួម​របស់​​អង្គភាព ស្ថាប័ន និង​ដៃ​គូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​សរុប​ចំនួន ២៣​ផ្សេង​គ្នា​ ក្នុង​កិច្ច​ប្រជុំ​នេះ ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់ គាំទ្រ ​លើក​កម្ពស់ ផ្ដល់​អាទិភាព​​លើ​ការងារ​​លើក​កម្ពស់​សុខភាព​តាម​សាលារៀន។

សូម​ជម្រាប​ថា ​កិច្ច​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​កម្ពស់​សុខភាព​សិក្សា​​តាម​សាលារៀន ត្រូវ​បាន​រៀប​ចំ​ឡើង​លើក​ទី​១ បន្ទាប់​ពី​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​លើក​កម្ពស់​សុខភាព​សិក្សា ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​អនុវត្ត ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រោម​កិច្ច​ប្រឹងប្រែង​របស់​នាយកដ្ឋាន​ជំនាញ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​ពាក់ព័ន្ធ ការងារ​នេះ​អនុវត្ត​បាន​នូវ​លទ្ធផល​ការងារ​មួយ​ចំនួន។ ​​​​​​​​​​

លោក​ជំទាវ​បាន​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ នីតិកាល​ទី​៦ បាន​កំណត់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​១ ដើម្បី​បង្កើត​​បាន​មូលធន​មនុស្ស ឆ្លើយ​តប​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​បរិបទ​នៃ​យុគ​សម័យ​ឌីជីថល។ ស្ថិត​ក្នុង​បរិបទ​នេះ កម្ពុជា​ត្រូវ​ការ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​​យ៉ាង​​សម្រេច​បាន​នូវ​ការ​ផលិត​បាន​ធនធាន​មនុស្ស​​ ដែល​​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ចំពោះ​បដិវត្ត​ឧស្សាហកម្ម ៤.០៕

០៩ តុលា ២០១៩ | សណ្ឋាគារ​សាន់វ៉េ